ខេត្តកំពត ៖ ឃាតកម្មដ៏សាហាវព្រៃផ្សៃមួយក្នុងខេត្តកំពតកាលពីវេលាម៉ោង ១២រំលងអាធ្រាត្រឈានចូលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៣នៅកណ្តាលវាលស្រែដែលជនរងគ្រោះកាត់ក្បាលត្រូវបានសមត្ថកិច្ចវែកមុខចនសង្ស័យពាក់ព័ន្ធនឹងករណីនេះកាលពីព្រឹកថ្ងៃទី១៣ ធ្នូ នៅភូមិកោះចម្ការ និងភូមិច្រេស ឃុំបឹងសាលា ខាងត្បូង ស្រុកកំពង់ត្រាច ដោយចាប់ឃាត់ខ្លួនជនសង្ស័យ ៣ នាក់។
ជនរងគ្រោះដែលត្រូវគេសម្លាប់ដោយកាត់ក្បាលយកទៅបាត់នោះឈ្មោះ យង់ ហាន អាយុ៥០ឆ្នាំ នៅភូមិកោះចម្ការ ឃុំបឹងសាលាខាងត្បូង ។ ចំណែកជនសង្ស័យ៣នាក់ដែលត្រូវបាននគរបាលចាប់ខ្លួននេះមាន ១-ឈ្មោះមូល ញឿន អាយុ៣៤ឆ្នាំ នៅភូមិច្រេស ឃុំបឹងសាលាខាងត្បូង ២-ឈ្មោះកុល រុន ភេទប្រុស អាយុ៥៨ឆ្នាំ នៅភូមិកោះចម្ការ និង៣-ឈ្មោះណាំ វ៉ាន្នី អាយុ៣៣ឆ្នាំ នៅភូមិកោះចម្ការ ។ ឯជនម្នាក់ទៀតឈ្មោះមាស តឿ នៅភូមិកោះចម្ការដែរ តែបានគេចខ្លួនកាលពីពេលថ្មីៗនេះទៅបាត់ មិនទាន់ចាប់ខ្លួនបាននៅឡើយទេ ។
មូលហេតុនៃការសម្លាប់នេះដោយសារតែជនទាំង៣នាក់នេះបានចោទបុរសរងគ្រោះថា ចេះធ្វើអំពើអាបធ្មប់ ធ្វើឱ្យអ្នកភូមិឈឺជាហូរហែ ទើបពួកគេចងកំហឹងក៏ឈានទៅដល់ការសម្លាប់នៅពេលជនរងគ្រោះទៅដាក់ទ្រូនៅស្រែក្បែរភូមិ ៕