ខេត្តកំពង់ធំ ៖ បទល្មើសនេសាទកើនឡើងយ៉ាងអនាធិបតេយ្យពិសេសនៅក្នុងភូមិសាស្ត្រសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារដូវទឹកស្រក ។ ជាក់ស្ដែងរៀងរាល់ថ្ងៃរសៀល និងពេលយប់សកម្មភាពនៃការប្រើប្រាស់ឧបករណ៏ឆក់ត្រីត្រូវបានគេសង្កេតឃើញថា បានកើតឡើងនៅចំណុចតាមបណ្ដោយប្រឡាយត្រពាំងវែង ក្នុងភូមិសាស្ត្រភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ និងតាមបឹងធំៗមួយចំនួននៅខាងលិចភូមិរកា ដែលពួកល្មើសទាំងនោះមានគ្នាជាក្រុមពង្រាយគ្នាឆក់ត្រី ដោយគ្មានខ្លាចញញឺត និងបណ្ដាក់គ្នា គឺមានអ្នកចាំផ្លូវ និងអ្នកធ្វើសកម្មភាពឆក់ផ្ទាល់ នៅចម្ងាយពីគ្នាប្រមាណជាមួយគីឡូដី ដើម្បីផ្ដល់ព័ត៌មានឲ្យគ្នា ខណៈឃើញមានអ្វីចម្លែកៗទៅជិត ។
បើទោះបីជាសកម្មភាពនេះត្រូវបានគេរាយការណ៍ថា បាននឹងកំពុងកើតឡើង យ៉ាងអនាធិបតេយ្យរាល់ឆ្នាំក៏ដោយ ក៏រហូតមកដល់ថ្ងៃនេះ ក្នុងភូមិសាស្ត្រខាងលើនេះ គេពុំឃើញមានសកម្មភាពបង្ក្រាបណាមួយពីសមត្ថកិច្ចនោះឡើយផ្ទុយទៅវិញពាក់ព័ន្ធ សកម្មភាពនេះត្រូវបានប្រភពពត៌មានបានបញ្ជាក់ថា ការប្រើប្រាស់ឧបករណ៍ឆក់ត្រីនេះមិនមែនទើបតែកើតឡើងនោះទេ ពោលគឺរៀងរាល់ឆ្នាំ គឺចាប់ផ្ដើមពីទឹកចាប់ផ្ដើមស្រកក្នុងរដូវប្រាំងរហូតដល់រដូវវស្សាវិញ ។ ហើយសកម្មភាពកើតឡើងបែបនេះគឺ ដោយសារតែគ្មានអ្នកបង្គ្រាបគឺមានតែអ្នកចុះទៅការពារ និងអ្នកយកលុយខែពីក្បាល ឆក់ ជាក់ស្ដែងប្រជាពលរដ្ឋដែលឃើញហេតុការណ៏ច្បាស់បានបញ្ជាក់ឲ្យដឹងថា គឺមានមន្ត្រីម្នាក់នៅក្រុងស្ទឹងសែនម្នាក់ឈ្មោះ ប៉ាវ ម៉ូ ហៅ ពៅ មានកាំភ្លើងអាការស្វាយបត់១ដើម បានចុះទៅប្រមូលលុយពីអ្នកប្រើប្រាស់ក្បាលឆក់ នៅក្នុងភូមិរកា ភូមិចំបក់ ក្នុងសង្កាត់ស្រយ៉ូវ ក្បាលឆក់១ ក្នុង១ខែ៥ម៉ឺនរៀល គឺគិតពីខែធ្នូ ដល់ខែមេសា។
មិនតែប៉ុណ្ណោះរាល់ពេលចុះទៅប្រមូលលុយនៅវាលម្ដងៗ គឺមន្ត្រីខាងលើនេះបានយក ខោអាវរបស់ខ្លួនជាមន្ត្រីអាវុធហត្ថទៅឲ្យឈ្មោះវ៉ុន និងឈ្មោះឈីម តួនាទីជាប្រជាការ ពារក្នុងភូមិចំបក់មកស្លៀកពាក់ដើម្បីចុះប្រមូលលុយ និងចង្អុលបង្ហាញពីចំនួនក្បាល ឆក់នៅក្នុងភូមិ ។ ក្រៅពីនេះក៏មានសមត្ថកិច្ចមួយចំនួនបានចុះទៅឈរជើងការពារពួកអ្នកឆក់នៅតាមទួល និងបឹងផងដែ ។ ក្រៅពីការប្រើប្រាស់ឧបករណ៍ឆក់ ក៏មានសេចក្ដីរាយការណ៍ថា នៅចំណុចអាង ២០០០ ក៏មានបទល្មើសដាក់ស្បៃមុងរាប់សិបម៉ែត្រ ផងដែ ប៉ុន្តែគ្មានឃើញអ្នកណាយកភ្នែកមើលនោះទេ ។
ពាក់ព័ន្ធសកម្មភាពទាំងអស់នេះភ្នាក់ងារយកព័ត៌មានធ្លាប់បានសុំការបំភ្លឺពីមន្ត្រីជំនាញ ពិសេសលោកនាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ធំរួចហើយកាលពីឆ្នាំមុនតែត្រូវបានលោកនាយខណ្ឌជះកំហឹង និងខឹងក្រេវក្រោធយ៉ាងខ្លាំង ប៉ុន្តែលោកក៏បានទទួលស្គាល់ថា បទល្មើសការប្រើប្រាស់ឧបករណ៍ឆក់ គឺពិតជាកើតមានមែន ប៉ុន្តែពួកល្មើសទាំងអស់នេះបានគេចខ្លួនអស់ និងហាក់ដូចជាដឹងខ្លួនជាមុនក្នុងពេលដែលមន្ត្រីជំនាញចុះបង្គ្រាប់ម្ដងៗ ហើយកាលពីពេលថ្មីៗកន្លងទៅនេះមន្ត្រីជំនាញដដែលក៏បានឲ្យដឹងថា លោកកំពុងតែស្នើសុំកំលាំងសហការជាមួយសមត្ថកិច្ចមូលដ្ឋានហើយ ប៉ុន្តែសមត្ថកិច្ចមូលដ្ឋានចេះតែពន្យាពេលម្ដងថ្ងៃនេះ ម្ដងថ្ងៃនោះ ធ្វើឲ្យលោករង់ចាំរហូត។
ដោយសារតែសកម្មភាពនៃការប្រើប្រាស់ឧបករណ៍ឆក់ដែលកំពុងកើតឡើង ហើយគ្មានការអើពើពីសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ពិសេសសមត្ថកិច្ចជំនាញ បានធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរិះគន់យ៉ាងខ្លាំង និងបានធ្វើការសំណូមពរដល់ថ្នាក់ដឹកនាំខាងលើៗ សូមមេត្តាចាត់វិធានការទប់ស្កាត់ និងយកចិត្តទុកដាក់គិត គួរពីកង្វល់របស់ប្រជាពលរដ្ឋផង និងសូមចុះពិនិត្យ និងស្រាវជ្រាវព័ត៌មានពីថ្នាក់ក្រោមផង ហើយតាមរយៈកំណែទម្រង់របស់រាជរដ្ឋាភិបាលអណត្តិថ្មីនេះ ប្រជាពលរដ្ឋមានជំនឿថា បទល្មើសនេសាទពិសេសការប្រើប្រាស់ឧបករណ៍ឆក់ និងឈានទៅរកកាត់បន្ថយជាក់ជាមិនខាន៕