រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ខណៈជននេះបានក្លែងបន្លំត្រាមេភូមិ និងចៅសង្កាត់ចោមចៅ ដើម្បីយកទៅប្រើប្រាស់ខុសផ្លូវច្បាប់ ។ ករណីឃាត់ខ្លួននេះបានកើតឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង២ រសៀលនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយម្ចាស់ធនាគារមួយបានសហការជាមួយកម្លាំងនគរបាលដើម្បី ចាប់ជននេះបន្ទាប់ពីរូបគេបានចូលទៅខ្ចីលុយពីធនាគារ ។
ជនជាប់សង្ស័យរូបនេះត្រូវបានគេស្គាល់ឈ្មោះ ខន គឹមហេង ហៅឆន ភេទ ប្រុស អាយុ៣២ឆ្នាំ មានមុខរបរជាអ្នកម៉ៅការសំណង់ ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិព្រៃទទឹង ឃុំចន្ដ្រី ស្រុករមាស ខេត្ដស្វាយរៀង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីខែវិច្ឆិកាឆ្នាំ២០១៣ កន្លងមក ជនសង្ស័យរូបនេះបានធ្វើលិខិត មួយច្បាប់ស្នើសុំខ្ចីលុយពីធនាគារចំនួន ៨.០០០ ដុល្លារ ។ លុះមកដល់ថ្ងៃទី០៦ ធ្នូ ជននេះបានធ្វើលិខិតស្នើសុំខ្ចីលុយម្តងទៀត ដោយខាងធនាគារឃើញឈ្មោះតែមួយ ត្រាខុសប្លែកគ្នា ក៏ចុះទៅពិនិត្យកន្លែងរស់នៅហើយមានការង្ស័យបានប្តឹងប៉ូលិសឃាត់ខ្លួនតែម្តង ។
ត្រាដែលជនខាងលើក្លែងបន្លំ មានត្រារបស់លោក រ៉ុង សាន ប្រធានភូមិព្រៃទា , លោក វ៉ា ញ៉ ប្រធានភូមិព្រៃព្រីងខាងជើង និងត្រាលោក សុទ្ធ សាធ ចៅសង្កាត់ចោមចៅ ព្រមទាំងត្រារបស់សាលាសង្កាត់ផងដែរ ។
ចំពោះករណីខាងលើនេះ វាគឺជារឿងប្លែកថ្មីមួយទៀតដែលជនខិលខូចប្រើស្ទីល ក្លែងបន្លំត្រាតាំងពីថ្នាក់ភូមិ រហូតដល់ថ្នាក់សង្កាត់ ដើម្បីធ្វើការបោកយកប្រាក់ ចេញពីធនាគារតែទង្វើបែបនេះជាលទ្ធ ផលចុងក្រោយ គឺមានតែខ្នោះ និងគុកប៉ុណ្ណោះ ៕