ខេត្ដពោធិ៍សាត់ ៖ កូនអកតញ្ញូម្នាក់បានលើកដៃវាយម្តាយបង្កើតរបស់ខ្លួន ដែលជាអ្នកបីបាច់ថែរក្សា និងមានគុណូបការៈចំពោះខ្លួន បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗ ក្រោយកើតហេតុផងដែរ ។ ហេតុការណ៍កូនរមិលគុណវាយសម្លាប់ម្ដាយខ្លួននេះកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ឋិតនៅក្នុងភូមិឈើទាល ឃុំត្នោតជ្រំ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។
កូនប្រុសអកតញ្ញូដែលវាយសម្លាប់ម្តាយមានឈ្មោះ ឆោម ហេង អាយុ៣៨ឆ្នាំ រស់នៅក្នុងគ្រួសារជាមួយម្ដាយ និងមានប្រពន្ធឈ្មោះ ឈុត រដ្ឋា អាយុ ៤០ឆ្នាំ មានកូនប្រុសស្រី៤នាក់ក្នុងបន្ទុក។ ចំណែកម្តាយដែលកូនវាយសម្លាប់នោះមានឈ្មោះ អ៊ូ ខេង អាយុ ៧០ ឆ្នាំ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា តាមចម្លើយសារភាពជនសង្ស័យបានថា ៖ “រូបគេមិនបានវាយសម្លាប់ម្ដាយទេ គឺគេវាយព្រាយបិសាច ហេតុអ្វីបានជាម្ដាយគេស្លាប់ទៅវិញ? ព្រោះមុន គេវាយគេឃើញព្រាយបិសាច បម្រុងមកជញ្ជក់ឈាមគាត់(ម្ដាយ)” ។ ចំណែកប្រភពពីប្រជាពលរដ្ឋជិតខាងវិញបានបន្ថែមទៀតថា កូនប្រុសដៃដល់វាយម្ដាយរហូតដល់ស្លាប់នេះទើបមកពីធ្វើ ការនៅក្នុងប្រទេសថៃនាប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ មិនដឹងរឿងអ្វីស្រាប់តែផ្ទុះហិង្សារហូតយកអង្រែបុកគ្រឿងប៉ុន កំភួនដៃប្រវែង៦តឹកវាយសំពងទៅលើ ក្បាលម្ដាយបណ្ដាលឱ្យដួលប្រកាច់ស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មតែម្ដង ។ ក្រោយពីកើតហេតុជនដៃដល់មិនបានរត់ទៅណាឡើយ ទើបមេភូមិនិងកម្លាំងប្រជាការពារភូមិបានរាយការណ៍មកសមត្ថកិច្ច នគរបាលស្រុកកម្លាំងសមត្ថកិច្ចក៏ចុះទៅដល់កន្លែង កើតហេតុចាប់ជនដៃដល់ភ្លាមៗតែម្ដងទៅ។
តែទោះជាយ៉ាងសមត្ថកិច្ចបានឃុំខ្លួនជនដៃដល់នៅអធិការដ្ឋានបណ្តោះអាសន្ន និងកសាងសំណុំរឿង ដើម្បីចាប់ការតាមនីតិវិធីច្បាប់៕