ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់បានទម្លាយរឿងរ៉ាវមិនប្រក្រតីរបស់នគរបាលស្រុកសំពៅលូន ដែលបានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ២នាក់ប្តីប្រពន្ធ និងរឹបអូសគ្រឿងញៀនបាន ៩ គ្រាប់កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៣ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅថ្នាក់លើ ប៉ុន្តែការឆែកឆេរដកហូត មាសប្រាក់ខ្សែក ប្រាក់ដុល្លាខ្មែរថៃ និងរថយន្ត ដែលមិនពាក់ព័ន្ធ នឹងបទល្មើសគ្រឿងញៀន មិនបានសរសេរនៅក្នុងរបាយការណ៍ទេ ប៉ុន្តែក្រោយមកទំនងជា មានសភាពការណ៍មិនស្រួល នគរបាលបានប្រគល់ទ្រព្យសម្បត្តិមួយចំនួន ឲ្យម្ចាស់វិញ ឯរថយន្តក៏ត្រូវបង្ខំ ឲ្យបង់លុយចំនួន ៣ម៉ឺនបាតផងដែរ។
ជនសង្ស័យ ២នាក់ប្តីប្រពន្ធមានឈ្មោះ ភិន សាភឿន ហៅវ៉ា ន់អាយុ ២៦ឆ្នាំ ជាប្តី និងឈ្មោះ ម៉ក់ សឿន អាយុ ២៦ឆ្នាំ ជាប្រពន្ធរស់នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ដោយមានការដកហូតវត្ថុតាង បានថ្នាំញៀនយ៉ាម៉ាចំនួន ៩គ្រាប់ ហើយជនសង្ស័យទាំង ២នាក់ប្តីប្រពន្ធត្រូវបានបញ្ជូន ទៅតុលាការកាលពីព្រឹកថ្ងៃទី០៩ ខែធ្នូ រួចរាល់ហើយ។ ពាក់ព័ន្ធករណីនេះលោក ខៀវ ឈឿត ប្រធានការិយាល័យ ប្រឆាំងគ្រឿងញៀនស្តីទី បានបដិសេធថា សំណុំរឿងស្រុកសំពៅលូន គឺបញ្ជូនតែមនុស្ស ២នាក់ប្តីប្រពន្ធ និងថ្នាំញៀន ៩គ្រាប់តែប៉ុណ្ណោះ។ ចំពោះរឿងទ្រព្យសម្បត្តិដែលសមត្ថកិច្ចស្រុក ដកហូតលោកបានដឹង ដោយសារជនរងគ្រោះ មករៀបរាប់នៅការិយាល័យប៉ុណ្ណោះ។
ឈ្មោះ ម៉ក់ សឿន ជាប្រពន្ធបានប្រាប់សមត្ថកិច្ច និងអ្នកសារព័ត៌មានថា កាលលោក ឈិត សេង អធិការរង ស្រុកសំពៅលូន ចុះទៅឃាត់ខ្លួន ប្តីរបស់គាត់មានថ្នាំញៀន ៩គ្រាប់។ ក្រោយមកក៏ចូលឆែកឆេរក្នុងផ្ទះ យកប្រាក់ថៃចំនួន ៥១៨០បាត ប្រាក់ដុល្លារចំនួន ៦០៦ដុល្លារ លុយខ្មែរ ៧៤ម៉ឺនរៀល ខ្សែកចំនួន ២ខ្សែ ជារបស់ប្តី ១ខ្សែប្រពន្ធ ១ខ្សែ និងចិញ្ចៀន ១វង់ ព្រមទាំងរថយន្តម៉ាកនីសាន់ចំនួន ១គ្រឿង និងម៉ូតូ ១គ្រឿងផងដែរ។ ក្រោយពីតុលាការបញ្ជាក់ថា ខ្លួនជាប្រពន្ធមិនមានជាប់ពាក់ព័ន្ធ ស្ត្រីជាប្រពន្ធត្រូវបានអនុញ្ញាត ឲ្យត្រឡប់មកផ្ទះវិញ បន្ទាប់មកគាត់ក៏បានទៅ សាកសួរនគរបាលស្រុក ដើម្បីសើរើរឿងយកទ្រព្យសម្បត្តិ ខុសប្រក្រតីនេះ។
ស្ត្រីជាប្រពន្ធ បានបញ្ជាក់ថា ទ្រព្យសម្បត្តិទាំងនេះ មិនពាក់ព័ន្ធចំពោះការលក់ដូរ របស់ប្តីឡើយ ហើយលោក ឈិតសេង បានប្រគល់អោយគាត់វិញនូវខ្សែក ២ខ្សែ ចិញ្ចៀន ១វង់ និងប្រាក់ ១លានរៀលហើយខ្លួន បានយកខ្សែកនិងចិញ្ចៀននេះ ទៅលក់បានប្រាក់ ៣ម៉ឺនបាតស្មើ ១ពាន់ដុល្លារ យកទៅលួសរថយន្តនីសាន់ ពីនគរបាលមកវិញ ហើយប្រាក់ដែលយកពីក្នុងកាបូប មិនបានប្រគល់មកវិញនៅឡើយទេ។ ពាក់ព័ន្ធករណីនេះលោក ឈិត សេង អធិការរងស្រុកសំពៅលូន មិនបានលើកទូរស័ព្ទ ដើម្បីបំភ្លឺរឿងនេះទេ ប៉ុន្តែយ៉ាងណាក៏ដោយសូមលោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ពិនិត្យមើលករណីនេះឡើងវិញផង៕