ប្រទេសអ៊ុយក្រែន ៖ ក្រុមប្រឆាំងជាមួយប្រធានាធិបតីលោកយ៉ានូកូវិចដែលច្រានចោលកតិកាសញ្ញាEUនោះ នៅតែបន្តការតវ៉ានៅពេលយប់នៅទីលាន នៅពេលដែលក្រុមប៉ូលិសប្រឆាំងកុបកម្មវរជនBerkut និងកម្លាំងពិសេសក្រសួងមហាផ្ទៃបានតបតប្រឆាំងពួកគេនៅម៉ោងប្រហែលជា២ព្រឹក(កណ្ដាលអធ្រាត GMT)។ កម្លាំងសន្តិសុខអ៊ុយក្រែន កាលពីថ្ងៃពុធបានសម្រុកចូលទីលានឯករាជ្យក្រុងកៀវ ដោយកាន់កាប់បានលើតំបន់របស់អ្នកតវ៉ាដែលបានឈរជើងអស់ជាងមួយសប្ដាហ៍ហើយនោះ ហើយនិងដករនាំងបាំងចេញដែលជាយុទ្ធវិធីមួយដែលបង្កឲ្យមានក្ដីកង្វល់ជាអន្តរជាតិ។
អ្នកឆ្លងឆ្លើយនៅកន្លែងកើតហេតុបាននិយាយថា ប៉ូលិសប្រឆាំងកុបកម្មរាប់ពាន់នាក់បានឡោមព័ទ្ធទីលាន និងបានចូលទៅកាន់កាប់តំបន់នោះដោយប្រើប្រាស់ចំនួនកម្លាំងដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីបណ្ដេញក្រុមបាតុករឲ្យចេញឆ្ងាយពីផ្លូវដែលរត់ឆ្លងកាត់តាមទីលាន។ ក្រុមប៉ូលិសក៏បានកម្ទេចរនាំងបាំងដែលអ្នកតវ៉ាបានដាក់ឃាំងនៅជុំវិញទីលាន និងបានរុះរើតង់របស់ពួកគេមួយចំនួន។
ប៉ុន្តែអ្នកតវ៉ាបានប្រមូលជាក្រុមម្ដងទៀតនៅជុំវិញវេទិកាដែលបានបង្កើតឡើងនៅលើផ្នែកមួយនៃទីលានដោយចំនួនមនុស្សមានការកើនឡើងភ្លាមៗ នៅពេលដែលបណ្ដាមេដឹកនាំគណបក្សប្រឆាំងបានជំរុញឲ្យពួកគេរត់ចូលទៅកាន់ទីលាន។
ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥គាំទ្រគណបក្សប្រឆាំងអ៊ុយក្រែន បាននិយាយថាពេលនេះមានអ្នកតវ៉ាចំនួន១ ម៉ឺននាក់នៅលើទីលានឯករាជ្យបន្ទាប់ពីការប្រើវិធានការរបស់ប៉ូលិសដែលបង្កជំរុញឲ្យមានស្ថានភាពច្របូកច្របល់នោះ។ មេដឹកនាំគណៈបក្សប្រឆាំងអ៊ុយក្រែនលោក Arseniy Yatsenyuk បានអំពាវនាវឲ្យមានកម្លាំងអ្នកតវ៉ារាប់លាននាក់នៅក្រុងកៀវ បន្ទាប់ពីការប្រើយុទ្ធវិធីរបស់ប៉ូលិសដោយទាយទុកថារបបលោកយ៉ានូកូវិចនឹងដួលរលំជាមិនខាន។
លោកយ៉ាតសេនយុគមេដឹកនាំគណៈបក្សប្រឆាំងរបស់អតីតនាយករដ្ឋមន្ត្រីជាប់ពន្ធនាគារលោកស្រីយូលៀ ទីម៉ូស្ហិនកូបានប្រាប់អ្នកតវ៉ានៅលើទីលានឯករាជ្យថា៖«យើងនឹងមិនអត់ឱននូវទង្វើនេះទេ។ នៅទីនេះនឹងមានអ្នកតវ៉ារាប់លាននាក់ ហើយរបបរបស់លោកយ៉ានូកូវិចនឹងដួលរលំ»។ អ្នកតវ៉ារាប់ពាន់នាក់បានស៊ូទ្រាំនឹងសីតុណ្ហភាពក្រោមសូន្យអង្សាដោយស្ថិតក្នុងការតវ៉ាលើទីលានទាំងយប់ដែលបានចាប់ផ្ដើមអស់រយៈពេល៣សប្ដាហ៍កន្លងទៅហើយនោះ។ មេដឹកនាំគណៈបក្សប្រឆាំងរបស់ UDAR (កូដកម្ម) និងជាជើងឯកប្រដាល់នោះលោក Vitali Klitshcko បានប្រាប់អ្នកតវ៉ាថា ប្រជាជនក្រុងកៀវក្រោកឡើង! ទាល់តែយើងរួមគ្នាទើបអាចឈ្នះសិទ្ធិរស់នៅក្នុងប្រទេសសេរីបាន៕