រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានជាប់ចោទពីបទប៉ុនប៉ងចាប់រំលោភ តែមិនបានសម្រេច បន្ទាប់ពីនារីរងគ្រោះបានស្រែកឡើងផ្អើលអ្នកជិតខាង ។ ការឃាត់ខ្លួនជនសង្ស័យ ក្រោយពីចាប់រំលោភមិនបានសម្រេច បានកើតឡើងកាលពីវេលាម៉ោង១១ យប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅបន្ទប់ជួល ផ្លូវលំ កែងផ្លូវលេខ62R ក្រុមទី១១ ភូមិទួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យ ដែលជាប់ពាក់ព័ន្ធនឹង ករណីខាងលើនេះមានឈ្មោះលីញ លីណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបររៀន ជួសជុលអគ្គិសនីស្នាក់នៅបណ្ដោះអាសន្ន ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក និង មានស្រុកកំណើតភូមិពករន្ធ ឃុំស្រែចែង ស្រុកជលគីរី ខេត្ដកំពត ។ ចំណែកនារីរង គ្រោះឈ្មោះច.ស.ដ អាយុ១៩ឆ្នាំ មានមុខរបរជាកម្មការិនីកាត់ដេរ ស្នាក់នៅបន្ទប់ ជួលកើតហេតុខាងលើ និងមានស្រុក កំណើតភូមិ-ឃុំមេសប្រចាន់ ស្រុកពារាំង ខេត្ដព្រៃវែង ។
តាមការរៀបរាប់ឱ្យដឹងពីនារីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុនោះខ្លួននៅក្នុងបន្ទប់តែម្នាក់ឯងដោយមិនបានដាក់ គន្លឹះទ្វារនោះទេ ព្រោះរង់ ចាំមិត្ដភក្ដិម្នាក់ទៀតមកដេកជាមួយ ។ ខណៈខ្លួននាងកំពុងដេកមួយសន្ទុះស្រាប់ តែជនសង្ស័យបានរុញទ្វារបន្ទប់ចូលទៅខាងក្នុងហើយបិទបារ៉ែតអគ្គិសនី និងដាក់គន្លឹះទ្វារយ៉ាងជាប់ទើបស្ទុះចាប់ឱននាងប៉ងរំលោភ តែនាងមិនព្រមក៏ស្រែកឱ្យអ្នកជិតខាងជួយ ។ ចំណែកតាមសម្ដីជនសង្ស័យបាននិយាយឱ្យដឹងថា នៅមុនពេលសមត្ថកិច្ចចាប់ខ្លួនរូបគេបានមកលេងនិងមិត្ដភក្ដិដែលមានបន្ទប់ជាប់នារីរងគ្រោះ ហើយក៏នាំគ្នាផឹកស្រាសអស់៣លីត្រទើបបែកគ្នាចេញពីបន្ទប់នោះ ។ នៅក្នុងកម្មវិធីហូបចុកក៏មានវត្ដមាន របស់នារីរងគ្រោះហូបជាមួយគ្នាដែរ តែ មិនបានអង្គុយចប់កម្មវិធីទេគឺបានចេញ ទៅដេកក្នុងបន្ទប់ជួលបាត់ទៅ ។ លុះមួយសន្ទុះក្រោយមកខ្លួនចេញពីកន្លែងផឹកស៊ីផ្ទះរបស់មិត្ដភក្ដិ ឃើញបន្ទប់នាងមិន ចាក់សោក៏ចូលទៅខាងក្នុង តែមិនទាន់ បានធ្វើអ្វីនៅឡើយទេ ក៏ត្រូវនារីរងគ្រោះ ស្រែកឱ្យអ្នកជិតខាងជួយថាខ្លួនប៉ងចាប់រំលោភតែម្ដង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ដើម្បីនគរបាលសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕