ខេត្ដកំពង់ចាម ៖ យ៉ាងហោចណាស់មនុស្ស ២ នាក់បានស្លាប់យ៉ាងអាណោចអាធ័មក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលមកពីរថយន្ដធុនធំដឹកដំឡូងមីបានបើកបុក និងកិនគោយន្ដកែច្នៃ ។ ហេតុការគ្រោះថ្នាក់ដ៏រន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតក្នុងភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តកំពង់ចាម។
ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នោះមានឈ្មោះ ស៊ុយ សាន់ ភេទប្រុស អាយុ៣៣ឆ្នាំ ជា កូនប្រសា និងម្នាក់ទៀតឈ្មោះកង ហ៊ាត អាយុ៥៥ឆ្នាំ ជាម្ដាយក្មេក ស្នាក់នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញគោយន្ដកែច្នៃជិះ ២ នាក់ម្ដាយក្មេក និងកូនប្រសា ចេញពីភូមិឋានរបស់គាត់ឆ្ពោះទៅខេត្ដព្រៃវែង ដើម្បីដឹកស្រូវ លុះមកដល់ចំណុចកើតហេតុ បុរសជាកូនប្រសា បានបើកជែងរថយន្ដធុនធំដឹកដំឡូងមី១គ្រឿងដែលបើកនៅពីមុខខ្លួនក្នុងទិសដៅស្របទិសគ្នា ។ គ្រាន់តែបើកជែងផុតបន្ដិច ស្រាប់តែមានរថយន្ដមួយគ្រឿងទៀត បើកបញ្ច្រាសទិសគ្នា ជនរងគ្រោះបានអែប មកខាងស្ដាំដៃវិញ ខណៈនោះរថយន្ដដឹកដំឡូងមី ដែលបើកមកពីក្រោយក្នុង ល្បឿនយ៉ាងលឿន ជាន់ហ្វ្រាំងមិនទាន់ក៏ ជ្រុលទៅបុក និងកិនគោយន្ដពីលើរួច ជ្រុលល្បឿនធ្លាក់ស្នាមភ្លោះផ្អៀងមួយ ចំហៀងចាក់ដំឡូងមីរាយពេញផ្លូវ ។ ហើយភ្លាមៗ នោះអ្នកបើករថយន្ដបង្កបានរត់គេចខ្លួនបាត់តែម្ដង។
ជនរងគ្រោះទាំង២នាក់ ត្រូវបាន សមត្ថកិច្ចយកអេស្កាវ៉ាទ័រកាយយកដំឡូងមីចេញ និងបង្ហើបរថយន្ដទាញ យកសពមកប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យ ៕