សហរដ្ឋអាមេរិក ៖ ជើងហោះហើរជាច្រើនត្រូវបានលុបចោល ខណៈព្យុះទឹកកកដ៏ធំមួយបានវាយប្រហារនៅរដ្ឋតិចសាស់ និងនៅភាគឦសានសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារ AP ដែលបានរាយការណ៍កាលពីព្រឹកមិញនេះ ។
ក្រុមអ្នកជំនាញឧតុនិយមបានឲ្យដឹងថា ព្រិលអាចនឹងធ្លាក់បន្ថែមទៀតរហូតដល់ថ្ងៃអង្គារនេះ។ ក្នុងរដ្ឋតិចសាស់ពួកអាជ្ញាធរនៃអាកាសយានដ្ឋានកំពុងព្យាយាមជួសជុលស្ថានការឡើងវិញ បន្ទាប់ពីរងការវាយប្រហារពីព្យុះទឹកកក កាលពីចុងសប្តាហ៍។ ពួកអាជ្ញាធរទាំងនោះបានអះអាងថា មានការហោះហើរយន្តហោះប្រមាណ៣៥០ជើងត្រូវបានលុបចោល កាលពីម្សិលមិញ។
ក្នុងតំបន់នៃក្រុងវ៉ាស៊ីងតោន ជើងហោះហើរយន្តហោះទាំងចូលនិងចេញ នៅឯចំណតអាកាសយានដ្ឋាន Reagan National Airport និងចំណតអាកាសយានដ្ឋានអន្តរជាតិ Dulles ត្រូវបានពន្យាពេលដោយសារតែបញ្ហាព្យុះ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ ការពន្យាពេលនៅចំណតអាកាសយានដ្ឋានដ៏ធំទាំងពីរលើកនោះបានធ្វើឲ្យ អ្នកដំណើរទាំងអស់រងចាំជាមធ្យមចន្លោះពី៣០ ទៅ៤០នាទី៕