ប្រទេសថៃ ៖ ថ្លែងតាមទូរទស្សន៍ Thai Television Pool of Thailand ព្រឹកមិញ លោកស្រី យីងឡាក់ បានអះអាងថា រាជរដ្ឋាភិបាលរបស់លោកស្រីរិះរកអស់ពីលទ្ធភាពដើម្បីដោះស្រាយជម្លោះ និងប៉ុនប៉ងបន្តចរចាជាមួយពួកបាតុករប្រឆាំងរាជរដ្ឋាភិបាលដែលទាមទារនូវអ្វីដែលមិនទទួលការអនុញ្ញាតពីរដ្ឋធម្មនុញ្ញនោះ។
ប៉ុន្តែចុងក្រោយលោកស្រីបានដាក់សំណើស្តីពីការរំលាយសភាទៅស្ថាប័នព្រះមហាក្សត្ររួចរាល់ហើយ ដើម្បីប្រគល់អំណាចជូនប្រជាពលរដ្ឋ និងដើម្បីដោះស្រាយជម្លោះនយោបាយ នាពេលបច្ចុប្បន្ន។ លោកស្រីថា ការបោះឆ្នោតជាតិនឹងត្រូវរៀបចំឡើង ខណៈដែលលោកស្រីនិងសមាជិកគណរដ្ឋមន្ត្រីនៅតែជារាជរដ្ឋាភិបាលស្តីទី ដើម្បីបំពេញកាតព្វកិច្ច ស្របទៅនឹងច្បាប់។
ការប្រកាសរំលាយសភារបស់លោកស្រី យីងឡាក់ បានកើតមាន ខណៈដែលពួកបាតុកររាប់ពាន់នាក់មានផែនការបន្តធ្វើព្យុហយាត្រា ទៅកាន់វិមានរាជរដ្ឋាភិបាល ហើយក៏កើតមានក្រោយមួយថ្ងៃដែលពួកសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏ធំ ដឹកនាំដោយលោក អាប់ភីស៊ីត នោះសម្រេចចិត្តលាលែងពីតំណែងទាំងអស់គ្នា ដើម្បីដាក់សំពាធដល់លោកស្រីយីងឡាក់។
យ៉ាងណាក៏ដោយ មេដឹកនាំបាតុករប្រឆាំងរាជរដ្ឋាភិបាលថៃ លោកស៊ូថេប ធឿកស៊ូបាន ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាត្រូវរំលាយសភា ឬក៏នាយករដ្ឋមន្ត្រីបច្ចុប្បន្នចុះចេញពីតំណែងក៏ដោយ ក៏នៅតែមិនអាចបញ្ចប់បាតុកម្មបានទេ ពោលគឺទាល់តែអ្វីដែលលោកហៅថារបបថាក់ស៊ីន ត្រូវបញ្ចប់ក្នុងប្រទេសថៃ៕