លោក​ផ្កាយ​មួយ រុន សុ​វណ្ណា ពាក់ព័ន្ធ​នឹង​ការ​ជំរិត​ទារប្រាក់​ពាណិជ្ជករ​ជនជាតិ​កូរ៉េ ជា​ថ្នូរ​ការដោះលែង ត្រូវបាន​ភរិយា​ជនជាតិ​កូរ៉េ ទទូច​សុំ​សម្តេច ហ៊ុន សែន ជួយ​អន្តរាគមន៍​…!

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ស្ដ្រី​ជនជាតិ​កូរ៉េ​ម្នាក់​ឈ្មោះ CHOI YENGLA ដែល​ត្រូវជា​ភរិយា ជន​ត្រូវ​ចោទ​ឈ្មោះ KIM YEONGSU អាយុ ៤៦​ឆ្នាំ ជនជាតិ​កូរ៉េ មានមុខរ​បរជា​ពាណិជ្ជករ មាន​ទីលំនៅ​ក្នុង​ខេត្ដ​សៀមរាប បាន​ប្រាប់​ក្រុមអ្នកកាសែត កាលពី​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៣​នេះ​ថា ឧ​ត្ត​ម​សេនីយ៍​ត្រី​ម្នាក់ មានឈ្មោះ រុន សុ​វណ្ណា បម្រើការ​នៅ​នាយកដ្ឋាន នគរបាល​អន្ដោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បាន​ជំរិត​ទារប្រាក់​ពី​គាត់​ចំនួន ៥​ម៉ឺន​ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​ការដោះលែង ប្ដី​របស់គាត់ ដែល​ត្រូវបាន​តុលាការ​សម្រេច​ដោះលែង ពី​ពន្ធនាគារ​ព្រៃ​ស កាលពី​រសៀល ថ្ងៃទី ៦​ខែធ្នូ​នេះ តែ​ត្រូវបាន​ឈ្មោះ រុន សុ​វណ្ណា ចាប់​ឃុំ​វិញ នៅឯ​នាយកដ្ឋាន នគរបាល​អន្ដោប្រវេសន៍​។​

 

​អ្នកស្រី CHOI YENGLA បាន​និយាយថា ប្ដី​របស់គាត់​ឈ្មោះ KIM YEONGSU ត្រូវបាន​សមត្ថកិច្ច អន្តោប្រវេសន៍​កម្ពុជា ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៣ នៅ​ខេត្ដ​សៀមរាប និង​បញ្ជូន មក​សាលាដំបូង រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៣ ប៉ុន្ដែ​ចៅក្រម​ស៊ើបសួរ លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន ចេញ​ដីកា​សម្រេច ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ និង​ដាក់​ឲ្យ​ស្ថិតនៅក្រោម ការត្រួតពិនិត្យ​របស់​តុលាការ ក្រោម​ការចោទប្រកាន់​ពីបទ មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍ អាច​ជួញដូរ​បាន​» តាម​មាត្រា ២៣១ នៃ​ច្បាប់​ស្ដីពី​ឧបករណ៍ អាច​ជួញដូរ​បាន និង​ប្រតិ​ប​ត្ដិ​ការ ទូទាត់​សង​ប្រាក់ ប្រ​ព្រឹ​ត្ដ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១២ ។​

 

​អ្នកស្រី CHOI YENGLA បាន​បន្ដថា នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៣ ពេលដែល​ចៅក្រម​ស៊ើបសួរ សម្រេច​ឲ្យ​នៅក្រៅ​ឃុំ បែរជា​ខាង​សមត្ថកិច្ច នគរបាល​អន្ដោប្រវេសន៍ ធ្វើការ​ឃាត់ខ្លួន​ម្ដងទៀត បន្ទាប់ពី​មាន​លិខិត សុំ​អន្ដរាគមន៍​ពី​កុងស៊ុល នៃ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​។ ប៉ុន្ដែ​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ មេធាវី​លោកស្រី បានស្នើ​សុំ​នៅ ក្រៅ​ឃុំ​បណ្ដោះអាសន្ន ហើយ​ប្ដី​របស់គាត់ បាន​សង​ប្រាក់​ទៅ​ដើមបណ្ដឹង​ផង​នោះ នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៣ ចៅក្រម​ស៊ើបសួរ​លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន ចេញ​ដីកា​បង្គាប់​ឲ្យ ដោះលែង​លេខ​៣២០២ ត​ព្រ ឲ្យ​ដោះលែង​សាជាថ្មី។​

 

​ប៉ុន្ដែ​ខាង​នគរបាល​អន្ដោប្រវេសន៍ ដែល​ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រុន សុ​វណ្ណា បាន​ទៅ​ចាប់ខ្លួន​គាត់​ជា​បន្តទៀត យកទៅ​ឃុំខ្លួន​នៅ​នាយដ្ឋាន អន្ត​ប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ព្រមទាំង​បានទាមទារ​ប្រាក់​ពី​គាត់ ចំនួន ៥​ម៉ឺន​ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​ការដោះលែង​ប្ដី របស់គាត់​ឲ្យ​មាន​សេរីភាព​វិញ ។ លោកស្រី​បាន​បន្ថែមថា ចាប់​តាំង​ប្តី​របស់គាត់ ត្រូវបាន​ចាប់ខ្លួន ដោយ​សមត្ថកិច្ច​នគរ​បាល អន្តោប្រវេសន៍​កម្ពុជា នាពេល​កន្លងមកនេះ មាន​សមត្ថកិច្ច​នគរ​បាល អន្តោប្រវេសន៍​ជាច្រើនរូប រូ​ម​ទាំង ឈ្មោះ រុន សុ​វណ្ណា នេះ​ផង និង​មាន​មេធាវី​ម្នាក់​ផង បាននាំគ្នា​រៀបចំ​គម្រោង កៀបស៊ី​លុយ​យ៉ាង​ស្រស់ និង​បាន​ជំរិត​ទារប្រាក់​ពី​គាត់ អស់​ចំនួន​ជាង ១០​ម៉ឺន​ដុល្លារ​អាមេរិក​។​

 

​ហើយ​លើក​ក្រោយនេះ កាលពី​ល្ងាច​ថ្ងៃទី ៥ ខែធ្នូ ២០១៣ ឈ្មោះ រុន សុ​វណ្ណា បាន​ទារប្រាក់​គាត់​ចំនួន​៥​ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការដោះលែង​ប្ដី របស់គាត់​ឲ្យ​មាន​សេរីភាព និង​បានរស់នៅ ក្នុងប្រទេស​កម្ពុជា បន្តទៀត តែ​គាត់​មិនទាន់​ឲ្យ​នៅឡើយ​ទេ ពីព្រោះ​មនុស្ស​ដែល ទារលុយ​ពី​គាត់​នេះ គឺជា​មនុស្ស​ដដែល ហើយ​ប្តី​គាត់ នៅតែ​ជាប់​នៅក្នុង​ពន្ធនាគារ​ដដែល​។ ទាក់ទិន​នឹង​ការងារ​របស់​ស្វាមី អ្នកស្រី CHOI YENGLA បាន​ឲ្យ​ដឹងថា ប្ដី​របស់គាត់ ឈ្មោះ KIM YEONGSU នេះ គឺជា​ពាណិជ្ជករ និង​ជា​វិនិយោគទុន ផ្នែក​មន្ទីរពេទ្យ​ដ៏​ធំ​មួយ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង។​

09-12-2013

​កាលពី​៤ ឆ្នាំមុន ប្តី​របស់គាត់​បាន​ត្រៀម ធ្វើ​វិនិយោគ​និង​ដាក់ទុន​ចំនួន ២៦០០ លាន​ដុល្លារ​អាមេរិក​ដើម្បី​បង្កើត មន្ទីរពេទ្យ​ដ៏​ទំនើប​មួយ​ឈ្មោះ Angkor Hopeful Medical City នៅក្នុង​ខេត្តសៀមរាប​។ អ្នកស្រី CHOI YENGLA តាមរយៈ​អ្នកសារព័ត៌មាន បាន​អំពាវ​យ៉ាងទទូច ដល់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តាជួយ​រក​យុត្តិធម៌ និង​ជួយ​អន្តរាគមន៍​ដល់​ស្វាមី និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​មន្ត្រីនគរបាល​ខិលខូច ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់ និង​បាត់បង់​ជំនឿ​ទុកចិត្ត របស់​អ្នកវិនិយោគទុន​បរទេស ដែល​មករក​ស៊ី និង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​៕

 

Leave a Reply

(*) Required, Your email will not be published