ការដំឡើង​ពន្ធដារ និង​ពន្ធ​នាំចូល​ទំនិញ ព្រមទាំង​តម្លៃ​ទំនិញ​ឡើង​យ៉ាងគំហុក ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​ក្រុមអាជីវករ រអ៊ូរទាំ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ វិធានការ​ថ្មី​របស់​អគ្គនាយក គយ​និង​រដ្ឋាករ បាន​ជំរុញ​ឲ្យ​ក្រុម​អ្នករកស៊ី ទាំង​តូច​ទាំង​ធំ​រអ៊ូរទាំ​អំពី ភាពយឺតយ៉ាវ​ការខាតបង់​ពេលវេលា និង​ការចំណាយ​លុយកាក់ លើ​បែបបទ​ដ៏​ស្មុគស្មាញ នាំ​ឲ្យ​អាជីព​របស់​ពួកគេ ប្រឈម នឹង​បញ្ហា​ជាច្រើន ជាពិសេស​សមាគម រោងចក្រ​កាត់ដេរ​កម្ពុជា បាន​ព្រួយបារម្ភ​ទៅលើ ផលប៉ះពាល់​ការឡើង​ថ្លៃទំនិញ ដែលជា​ដើមចម​នាំ​ឲ្យ កម្មករ​ទាមទារ​ដំឡើង​ប្រាក់ខែ ហើយ​បើ​និយាយ​ពី​ប្រជាពលរដ្ឋ ដែលមាន​ប្រាក់ចំណូល​តិចតួច ក៏បាន​រអ៊ូរទាំ​អំពី​តម្លៃ​ទំនិញ ដែល​លក់រាយ​សឹង គ្រប់​ប្រភេទ ទាំងអស់​ឡើងថ្លៃ​យ៉ាងគំហុក​។​

 

​គេ​ចាំបាន​ថា លោក ប៉ែន ស៊ីម៉ន ជា​អគ្គនាយក​គយ និង​រដ្ឋាករ​បានចេញ លិខិត​ជូនដំណឹង ដល់​មន្ត្រី​គយ​ទាំងអស់ កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ដោយ​លើកឡើង​នូវ គោលការណ៍​ណែនាំ ឲ្យ​មន្ត្រី​បំពេញការងារ​របស់ខ្លួន ឲ្យ​បាន​ត្រឹមត្រូវ ដែល​ក្នុងនោះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ជំនាញ​គយ​ត្រូវតែ​ពង្រឹង ស្មារតី​សីលធម៌​របស់ខ្លួន ក្នុងការ​ត្រួតពិនិត្យ ពន្ធគយ​។ លោក ប៉ែន ស៊ីម៉ន បាន​ក្រើនរំលឹក​ដល់​មន្ត្រីក្រោមឱវាទ​ថា មន្ត្រី​គយ​ត្រូវតែ បំពេញ​កាតព្វកិច្ច​រប​ស់​ខ្លួន ប្រកបដោយ​ស្មារតី សីលធម៌​ស្មោះត្រង់ ទៅតាម​បទបញ្ជា ដោយ​មិនមាន​ការរើសអើង ឬ​លម្អៀង​ទៅលើ​បក្ខពួក សាច់ញាតិ មិត្តភក្តិ​នោះទេ ហើយ​មន្ត្រី​គយ​គ្រប់​ច្រកល្ហក បាន​អនុវត្តន៍​ផែនការ​ទាំងនេះ យ៉ាង​យកចិត្តទុកដាក់ បើទោះបី​ជាមាន​ភាព​ប្រទាំង​ប្រទើស ជាមួយ​ក្រុម​អ្នករកស៊ី នាំចូល​ទំនិញ​ក៏ដោយ​។​

 

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បានចាប់ផ្តើម​ផែនការ អនុវត្តន៍​ប្រតិបត្តិ ដើម្បី​ពង្រឹងសមត្ថភាព​ការងារ និង​ការប្រមូល​ពន្ធ ឲ្យ​បាន​ច្រើន​និង​ឆាប់រហ័ស តាមរយៈ​កិច្ចប្រឹងប្រែង ក្នុងការ​ត្រួតពិនិត្យ និង​ការយកពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ លើ​ផលិតផល​ទំនិញ ដែល​បាន​នាំចូល​ប្រទេស​កម្ពុជា​។ ក្រោយ​សេចក្តី​ក្រើនរំលឹក របស់​អគ្គនាយក​គយ ក្រុម​ពាណិជ្ជករ​ជាច្រើន​បាន​រអ៊ូរទាំ​ថា ការងារ​ពន្ធដារ និង​ពន្ធ​នាំចូល​ទំនិញ ដែល​ត្រូវ​ពង្រឹង កាលពីពេល​ថ្មីៗ​នេះ កំពុងតែ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​របស់​ពួកគេ បង្កើន​ពេលវេលា និង​លុយកាក់​ចំណាយ​លើ​សេវា​ផ្សេងៗ ដោយសារតែ​សកម្មភាព ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន មាន​ល្បឿន​យឺត​ជាង​ពេលមុន និង​ចំណាយ​ថ្លៃដើម​កាន់តែច្រើន បូករួម​ជាមួយនឹង​ភាពស្មុគស្មាញ នៃ​ការ​បំពេញបែបបទ បង្កើត​ឲ្យ​មាន​ភាព​ធុញទ្រាន់​យ៉ាងខ្លាំង​។​

ក្រុម​អ្នករកស៊ី​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា នៅតាម​ចំណុច​ច្រក ព្រំដែន​មួយចំនួន ប្រសិនបើ​មាន​ម៉ាស៊ីន​ស្កេ​ន​ន័​រ រួចហើយនោះ អាច​ដឹងថា​នៅក្នុង​កុងតឺន័រ បាន​នាំចូល​ទំនិញ ប្រភេទ​អ្វីខ្លះ​រួចហើយ ប៉ុន្តែ​ជំនាញ​គយ បានទាមទារ​ឲ្យ​មាន ការបើក​កុងតឺន័រ ជា​លេស​កោសរូស ឲ្យ​ក្រុមហ៊ុន​រកស៊ី​នាំចូល​ទំនិញ បង់លុយ​ក្រៅផ្លូវការ​។ ក្រុម​អ្នករកស៊ី​នាំចូល​ទំនិញ ក៏បាន​បញ្ជាក់​ផងដែរ​ថា នៅ​តំបន់​ខ្លះទៀត ដែល​មិនមាន​ម៉ាស៊ីន​ស្កេ​ន​ន័​រ ជំនាញ​គយ​បាន​បើក​កុងតឺន័រ ឬ​លើកដាក់​ទំនិញ ដើម្បី​រាប់​ពី​ចំនួន​ឯក​តា នៃ​ទំនិញ​នាំចូល បង្កើត​ឲ្យ​មាន​ភាពយឺតយ៉ាវ​ខូចខាត ប៉ះពាល់​ដល់​ទំនិញ​។ វិធានការ​រឹតបន្តឹង​របស់​គយ បានធ្វើ​ឲ្យ​ក្រុម អ្នករកស៊ី​ជាច្រើន​មាន​បញ្ហា ក្នុងការ​នាំចូល​ទំនិញ​ទ្រង់ទ្រាយ​តូច ពី​ព្រោះតែ​វិធានការ​នេះ មានការ​តឹងរ៉ឹង​ជាង​មុន លើ​សកម្មភាព​នាំចេញ និង​នាំចូល​ដោយ​មន្ត្រី​គយ ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន ១០០​ភាគរយ​។​

 

​ដូច្នេះ​នឹងធ្វើ​ឲ្យ​ក្រុម​អ្នករកស៊ី ដឹកជញ្ជូន​ទំនិញ ខាតបង់​ពេលវេលា និង​បាត់បង់​ប្រាក់ចំណូល យ៉ាងតិច​បំផុត ១៥​ភាគរយ ព្រោះ​ត្រូវ​ចំណាយ លើ​សេវា​ផ្សេងៗ​ដែល​កើតចេញ ពី​ភាពយឺតយ៉ាវ​នៃ​ការត្រួតពិនិត្យ​ទំនិញ ខណៈដែល​គេ​មើលឃើញថា ជំនាញ​គយ​មួយចំនួន បាន​អនុវត្តន៍​ផែនការ​នេះ មិន​សមស្រប​តាម​ការ​ណែនាំ ឬ​បង្កើត​លេស​ផ្សេងៗ សម្រាប់​ស្វែងរក​ផលប្រយោជន៍ ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​។ ក្រុម​អ្នករកស៊ី​ជាច្រើន បានបញ្ជាក់​ផងដែរ​ថា វិធានការ​រឹតបន្តឹង​នេះ បានធ្វើ​ឲ្យ​ពួកគេ​ចំណេញ​តិចតួច​បំផុត សម្រាប់​ការនាំ​ចូល​ទំនិញ ហើយ​ទំនិញ​ដែល​ធ្លាប់ នាំចូល​ពី​ប្រទេសជិតខាង ស្ទើរតែ​លុបបំបាត់​ទាំងស្រុង ដោយសារតែ​ក្រុមហ៊ុន​មួយចំនួន ត្រូវផ្តោត​ទៅលើ​ការ​នាំចូល​ទំនិញ ដែលមាន​គុណភាព​ខ្ពស់ ឲ្យ​ស្របទៅតាម​តម្លៃ ដែល​លក់​នៅ​ទីផ្សារ ហើយ​ភាគច្រើន​មានការ បញ្ជា​ទិញ​ទំនិញ​ពី​តំបន់​អឺរ៉ុប​។​

 

​យ៉ាងណាក៏ដោយ តំណាង​ក្រុម​អ្នករកស៊ី ក្នុង​វិស័យ​កាត់ដេរ សេវាកម្ម និង​ទេសចរណ៍ ក៏បាន​បញ្ជាក់​ផងដែរ​ថា ចំណាត់ការ​ថ្មី​របស់​រដ្ឋាភិបាល ក្នុងការ​ត្រួតពិនិត្យ​ពន្ធគយ និង​ពន្ធដារ បង្ក​ផលប៉ះពាល់​ដល់​មូលដ្ឋាន សេវាកម្ម​របស់​ពួកគេ ដូចជា​សមាគម​រោងចក្រ​កាត់ដេរ បាន​រំលឹក​ឡើងវិញ​ថា នៅពេលដែល​តម្លៃ​វត្ថុធាតុដើម ក្នុង​វិស័យ​កាត់ដេរ មិន​ទទួលផល​ប៉ះពាល់​ខ្លាំង តែមាន​ការប៉ះពាល់ ដោយ​ប្រយោល ចំពោះ​ថ្លៃដើម ដែល​ខ្ពស់ជាង​មុន បើ​តម្លៃ​កើនឡើង ច្បាស់​ណាស់​ដែលថា កម្មករ​នឹង​ទាមទារ​ឲ្យ​មានការ​ដំឡើង ប្រាក់​ឈ្នួល នាំ​ឲ្យ​ពួកគេ​ជួប​ការខាតបង់ នឹងរង​ផលប៉ះពាល់​ដោយ​ប្រយោល​។ ចំណែក​វិស័យ​សេវាកម្ម​និង​ទេសចរណ៍​វិញ បាន​រង​នូវ​ផលប៉ះពាល់ ដោយសារតែ​កំណើន​នៃ​ថ្លៃទំនិញ ដូចជា​សេវា​ស្នាក់នៅ​ការហូបចុក របស់​ភ្ញៀវទេសចរ ក៏ត្រូវ​កើនឡើង ១០០​ភាគរយ ព្រោះ​ទំនិញ​ភាគច្រើន សុទ្ធតែ​នាំចូល​ពី​ក្រៅប្រទេស​។​

08-12-2013

​ប្រជាពលរដ្ឋ​បាន​រអ៊ូរទាំ អំពី​តម្លៃ​ទំនិញ​នៅតាម​ទីផ្សារ ដែល​កំពុង​ឡើងថ្លៃ​ស្រឺ​តៗ ដូច​ទឹកជំនន់ ដែល​ប្រភេទ​ទំនិញ​ខ្លះ សឹង​ថា ១​គុណ​នឹង​២ ឬ​គុណ​នឹង​៣ ទន្ទឹម​ពេលដែល​ពួកគាត់ គ្មាន​ប្រាក់ចំណូល​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់ ជីវភាព​បង្ក​ផលប៉ះពាល់ ខ្លាំង​សម្បើម​ណាស់​។ ប្រសិនបើ​ទំនិញ ចេះតែ​ឡើងថ្លៃ​ដោយសារតែ ការដំឡើង​ពន្ធដារ និង​ពន្ធគយ ច្បាស់​ណាស់​ដែលថា ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ នឹង​ជួប​ផល​លំបាក សព្វបែបយ៉ាង ដោយសារតែ​ពួកគាត់ គ្មាន​លុយ​ទិញ​អាហារ​ហូបចុក និង​សម្ភារៈ​សម្រាប់ ប្រើប្រាស់​។ យ៉ាងណាក៏ដោយ ក្រុម​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច បាន​ឲ្យ​យោបល់​ថា ប្រភេទ​ទំនិញ​មួយចំនួន​ដូចជា គ្រឿង​ហូបចុក​មិនគួរ​រឹតបន្តឹង ឲ្យ​បង់ពន្ធ​ខ្ពស់​ពេក​ទេ ហើយ​សម្រាប់​ប្រទេស​កម្ពុជា ដែលជា​ទីផ្សារ​នាំចូល​ទំនិញ មកពី​បណ្តា​ប្រទេស​ក្បែរ​ខាង ពិតជា​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារតែ​ការឡើង​ថ្លៃទំនិញ​៕

 

Leave a Reply

(*) Required, Your email will not be published