រាជធានីភ្នំពេញ ៖ ស្នូរគ្រាប់កាំភ្លើងបានលាន់ឮទាំងកណ្តាលរាត្រី ដែលស្តែងចេញពីសកម្មភាពរបស់ក្រុមចោរប្រដាប់អាវុធ ដោយបំពេញភារកិច្ចបានជោគជ័យ ដោយប្លន់ម៉ូតូរបស់តារា ចម្រៀងប្រចាំផលិតកម្មរ៉ុក ហើយបន្សល់ជនរងគ្រោះម្នាក់ដេកស្លាប់នៅនឹងកន្លែង។ ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីជាង១ យប់រំលងអាធ្រាត្រ ចូលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចនៅមុខផ្ទះលេខ១០៧ ផ្លូវលេខ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលត្រូវក្រុមចោរប្លន់នោះជាតារាចម្រៀងប្រចាំផលិតកម្មរ៉ុកលោក ហឿន សុខលីម អាយុ២៩ឆ្នាំ ។ ចំណែកជនរងគ្រោះដែលត្រូវចោរបាញ់សម្លាប់នោះត្រូវបានគេដឹកទៅវត្តពោធិ៍ចិនតុង ។
តាមប្រភពសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតជនរងគ្រោះជិះម៉ូតូម៉ាក FZ គ្មានស្លាកលេខ ព្រោះទើបនឹងទិញ ពេលជនរងគ្រោះ បើកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យ ២នាក់ មកវាយជនរងគ្រោះហើយប្លន់យកម៉ូតូ ។ ចៃដន្យជនរងគ្រោះម្នាក់ទៀត បានដើរលេចពីកន្លែងងងឹតទាំងមិនដឹងអី ក៏ត្រូវក្រុមចោរទាញកាំភ្លើងបាញ់សំដៅជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ដោយស្មានតែមកតាមជួយជនរងគ្រោះ។
ក្រោយហេតុការណ៍សមត្ថកិច្ចបានចុះទៅដល់កន្លែងកើត ជួយអន្តរាគមន៍ ដោយឲ្យជនរងគ្រោះឈ្មោះ ហឿន សុខលីម ជាម្ចាស់ម៉ូតូ FZ បានទៅដាក់ពាក្យបណ្តឹងនៅទីស្នាក់ការនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង ដើម្បីសុំឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ក្រុមចោរប្លន់ ប្រដាប់អាវុធខាងលើនេះយកមកផ្តន្ទាទោសតាមនីតិវិធី ។ ចំណែកសាកសពយុវជនដែលត្រូវក្រុមចោរបាញ់ស្លាប់ត្រូវបានរថយន្តសាមុយដឹកទៅតម្កល់នៅវត្តពោធិ៍ចិនតុង រង់ចាំទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕