ខេត្ដកណ្ដាល ៖ យ៉ាងហោចណាស់បុរស ៣ នាក់បានរងរបួសធ្ងន់ ខណៈដែលបើកបរគ្មានការប្រុងប្រយ័ត្ន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០ នាទីទៀបភ្លឺ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ត្រង់ផ្លូវកោងជាយក្រុង ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល។
ជនរងគ្រោះទាំង ៣ នាក់រួមមាន ១-ឈ្មោះ ស៊ូ រិទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅផ្ទះលេខ៤២E2 ស្ថិតក្នុងសង្កាត់ផ្សារអូឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ, ២-ឈ្មោះ ពេជ្រ លីន ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិតេជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្ដកណ្ដាល និង៣-ឈ្មោះ រ៉ា សុខមិនា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះទាំង៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១១០ ប្រើប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CA-0201 ឌុបគ្នា តាមបណ្ដោយផ្លូវជាតិលេខ២ យ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូងសំដៅទៅរង្វង់មូលតាម៉ៅ ។ លុះបើកមកដល់ចំណុចកើតហេតុដែលជាផ្លូវកោងខ្លាំងនោះអ្នកបើកបរម៉ូតូពុំបានបន្ថយល្បឿននោះទេ បណ្ដាលឱ្យកាច់ចង្កូតមិនទាន់ជ្រុលឡើងចិញ្ចើមផ្លូវទៅបុកមាត់លូនិងបន្ដទៅបុករបងផ្ទះប្រជាពលរដ្ឋដែលធ្វើអំពីថ្មធ្វើឱ្យជនរងគ្រោះ បោកផ្ទុបជាមួយរបងរងរបួសយ៉ាងធ្ងន់ធ្ងរ ទាំង៣នាក់តែម្ដង ។ ចំណែកឯម៉ូតូរបស់ជនរងគ្រោះជិះនោះបានរងការខូចខាត មួយកំណាត់មុខទាំងស្រុក ។
ក្រោយកើតហេតុការណ៍ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងយកម៉ូតូជនរងគ្រោះរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះនៅមន្ទីរពេទ្យ៕