ខេត្តកណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍មួយទាំងកណ្តាលយប់បានសម្លាប់បុរស ២ នាក់ និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ ខណៈដែលកំពុងធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ២ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ លើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចខាងមុខផ្ទះលក់គ្រឿងបន្លាស់រថយន្ត ឋិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ មាស ស៊ីវថេង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងឈ្មោះ ខ្លី លីហៀង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិទឹកនឹម ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ រីឯជនរងគ្រោះដែលរបួសស្រាលមានឈ្មោះ ស៊ិន ធារ៉ូ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ពណ៌សលាយខៀវ ពាក់ស្លាលេខភ្នំពេញ 1BC-5811 ជិះគ្នា២នាក់ដោយឈ្មោះ មាស ស៊ីវថេង ជាអ្នកបើកដោយឌុបឈ្មោះ ស៊ិន ធារ៉ូ ក្នុងទិសដៅពីជើងទៅត្បូង (ពីភ្នំពេញសំដៅមកក្រុងតាខ្មៅ) ក្នុងសល្បឿនយ៉ាងលឿន ។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ាតាមបណ្តោយ ផ្លូវជាតិលេខ២ក្នុងទិសដៅពីត្បូងទៅជើង(ទិសដៅហាមឃាត់) មកបុកម៉ូតូស្គូពីចំពីមុខពេញមួយទំហឹង បណ្តាលឲ្យម៉ូតូទាំង២គ្រឿងដួលបោកទៅលើផ្លូវជាតិ ធ្វើឲ្យអ្នកបើកបរម៉ូតូស្គូពី ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នករួមដំណើរជាមួយរងរបួសធ្ងន់ ។ ចំណែកឯអ្នកបើកបរម៉ូតូវីវ៉ាបានរងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យរាជធានីភ្នំពេញ ។
ក្រោយពេលហេតុការណ៍សមត្ថកិច្ចបានយកម៉ូតូទាំង ២ ទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីជាក្រោយ ។ ចំណែកឯសពជនរងគ្រោះត្រូវបានប្រគល់ទៅក្រុមគ្រួសារមកទៅធ្វើបុណ្យតាមប្រពៃណី ៕