រាជធានីភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយទាំងកណ្តាលអាធ្រាត្រ ខណៈដែលក្មេងប្រុសម្នាក់បានស្លាប់ និងក្មេងស្រីម្នាក់បានរងរបួសធ្ងន់ ហើយស្ត្រីម្នាក់ស្លាប់នៅនឹងកន្លែង ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោងប្រមាណ១យប់ រំលងអាធ្រាត្រ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅ ផ្ទះលេខ 76E0 ផ្លូវលេខ២៤៤ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ស្ត្រីដែលចាក់សម្លាប់កូន និងខ្លួនឯងនេះមានឈ្មោះ សុខ លីតា អាយុ ៤១ឆ្នាំ និងជាចៅសង្កាត់រងទី២ នៃសង្កាត់ចតុមុខ ។ ចំណែកកូនប្រុសដែលស្លាប់មានឈ្មោះ សេង អាមីសីល អាយុ ៥ឆ្នាំ និងកូនស្រីដែល រងរបួសធ្ងន់មានឈ្មោះ សេង ប៊ុនរ៉ាវី ត្រូវដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៣ ស្ត្រីជាម្តាយបាននិយាយទូរស័ព្ទជាមួយប្តីដែលនៅក្រៅប្រទេស រួចហើយទំនងសុំលុយប្តីមិនបាន ក៏កើតការខឹងសម្បា បែកគំនិតចាក់សម្លាប់កូនរបស់ខ្លួន។ ភ្លាមៗនោះ ជីដូនដែលនៅក្នុងផ្ទះជាមួយគ្នាបានដឹងទាន់ ក៏ជួយឃាត់ហើយដឹកបញ្ជូនកូនស្រីរងគ្រោះទៅកាន់ មន្ទីរពេទ្យកាល់ម៉ែតទាំងយប់ ដោយធ្វើដំណើរទៅជាមួយកូនស្រីម្នាក់ទៀត ហើយចាក់សោរផ្ទះ ដោយទុកឲ្យស្ត្រី ជាម្តាយនៅជាមួយកូនប្រុសរងគ្រោះ។
ប្រភពដដែលបានបន្តទៀតថា នៅវេលាម៉ោងប្រមាណ ៦ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ នៅពេលសមត្ថកិច្ច និងសាច់ញាតិ បានបើកទ្វារផ្ទះ គេឃើញស្ត្រីជាម្តាយ និងកូនប្រុសដេកស្លាប់នៅក្នុងថ្លុកឈាម បាត់ទៅហើយ ពោលស្ត្រីជាម្តាយបានចាក់សម្លាប់កូនប្រុសខ្លួនឯង រួចហើយក៏ចាក់សម្លាប់ខ្លួនឯង តាមក្រោយតែម្តង។ ជុំវិញបញ្ហានៃការស្លាប់នេះ សមត្ថកិច្ចកំពុងសិក្សាស្រាវជ្រាវបន្ថែម ដើម្បីរកពន្លឺនៃប្រភពរឿងរ៉ាវនេះ៕