រាជធានីភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយដែលបង្កឡើងដោយជនជាតិបរទេសម្នាក់បានទាស់គ្នាជាមួយនឹងប្រពន្ធហើយបានបើករថយន្ដទាំងកំហឹងជ្រុលចូលផ្ទះប្រជាពលរដ្ឋ ដោយបុកយុវជនម្នាក់រងរបួសបាក់ជើង ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ នៅផ្ទះលេខ២៩៥ ផ្លូវលេខ៩៩ ក្រុម១៦ សង្កត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ជនជាតិបរទេសដែលបើករថយន្ដចូល ផ្ទះប្រជាពលរដ្ឋ ហើយបុកយុវជនម្នាក់ បណ្ដាលឱ្យបាក់ជើងមានឈ្មោះ MULLER PETER UWE អាយុ៤៩ឆ្នាំ ជាជនជាតិអាល្លឺម៉ង់ មានមុខរបរជាម្ចាស់ភោជនីយដ្ឋានមួយ នៅម្ដុំមាត់ទន្លេ ស្នាក់នៅផ្ទះលេខ៣២ ផ្លូវលេខ១១៨ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ជិះរថយន្ដម៉ាកមែរសឺដេស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២ភ-០០៧១ ។ ចំណែកយុវជនដែលរងរបួសឈ្មោះជា សុភារី អាយុ២២ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ ស្នាក់ នៅផ្ទះកើតហេតុខាងលើ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជនជាតិអាល្លឺម៉ង់រូបនេះ ជិះរថយន្ដម៉ាកមែរសឺដេស ធ្វើដំណើរលើបណ្ដោយផ្លូវលេខ៩៩ ដោយមានប្រពន្ធជាជនជាតិខ្មែររួមដំណើរផង។ ពេលកំពុងធ្វើដំណើរគេមិនដឹងថា បុរសជនជាតិអាល្លឺម៉ង និងស្ដ្រីជនជាតិ ខ្មែរនេះមានទំនាស់អ្វីនោះទេ បានប្រកែក និងធ្វើកាយវិការដាក់គ្នាទៅវិញទៅមកក្នុង រថយន្ដនោះ ។ លុះមកដល់កន្លែងកើតហេតុ ក៏បានជ្រុលចង្កូតចូលទៅផ្ទះប្រជាពលរដ្ឋ ដែលស្ថិតនៅផ្លូវលេខ៩៩ បណ្ដាលឱ្យយុវជន ម្នាក់កំពុងលេង ជាកូនម្ចាស់ផ្ទះរងរបួសបាក់ជើង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានបានយករថយន្ដបង្កទៅរក្សាទុក នៅអធិការដ្ឋាន ដើម្បីរង់ចាំធ្វើការដោះស្រាយជាក្រោយ ៕