រាជធានីភ្នំពេញ ៖ រថយន្តដឹកដីមួយគ្រឿងបានជួបឧបទ្ទវហេតុ ខណៈដែលដឹកលើសទម្ងន់ហើយបើកបរក្នុងល្បឿនលឿនជ្រុល ធ្វើឲ្យក្រឡាប់ផ្អៀងចាក់ដីចោលរាយប៉ាយពេញផ្លូវ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង ២០ នាទីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣ នៅមុខហ្គ្រេនភ្នំពេញស្ថិតតាមបណ្តោផ្លូវ១០១៩ ឋិតក្នុងភូមិអន្លុងក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកដី ១ គ្រឿងម៉ាកហ្វុយហ្ស៊ូ ពណ៌ត្រួយចេក ពាក់ស្លាកលេខកណ្តាល 3A-0585 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ១០១៩ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ចំណុចកើតហេតុក៏បួងចង្កូតបត់ស្តាំក៏ជ្រុលក្រឡាប់ផ្អៀងមួយចំហៀងតែម្តង បណ្តាលឲ្យដីដែលដឹកក្នុងរថយន្តធ្លាក់រាយប៉ាយពេញដងផ្លូវ ។ ប៉ុន្តែពុំបណ្តាលឲ្យរងរបួសដល់មនុស្សណាម្នាក់នោះទេ គ្រាន់តែបង្កឲ្យកកស្ទះនៅលើដងផ្លូវតែប៉ុណ្ណោះ ។
ក្រោយកើតហេតុអ្នកបើកបររថយន្តបង្កបានទាក់ទងទៅក្រុមហ៊ុនដឹកដីយករថយន្តមកស្ទួចរថយន្តដែលក្រឡាប់ និងប្រមូលដីចេញពីលើដងផ្លូវ ដើម្បីបញ្ចៀសការកកស្ទះ ៕