រាជធានីភ្នំពេញ ៖ កាំភ្លើងបានក្លាយជាឧបករណ៍រកប្រាក់មួយដែល ក្រុមជនល្មើសប្រើប្រាស់សម្រាប់បំពេញភារកិច្ចរបស់ពួកគេ ជាក់ស្តែងកាលពីវេលាម៉ោង ៣ និង ៣០ នាទីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ មានជនសង្ស័យ ២ នាក់បានធ្វើសកម្មភាពផ្ជង់ប្លន់នារីម្នាក់ ខណៈដែលរូបនាងកំពុងជិះម៉ូតូទៅយកប្តីចេញពីធ្វើការ ហើយក៏ត្រូវក្រុមចោរធ្វើសកម្មភាពប្លន់ត្រង់ចំណុចនៅផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជរងគ្រោះដែលត្រូវក្រុមចោរផ្ជង់ប្លន់មានឈ្មោះ ហៀក សារ៉ាមី ភេទស្រី អាយុ ២៨ ឆ្នាំ ជាបុគ្គលិកកាស៊ីណូណាហ្គា មានទីលំនៅក្បែរកន្លែងកើតហេតុខាងលើ ។
តាមការរៀបរាប់ស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាកឃ្លីក ពណ៌ទឹកមាសលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BI-7618 ចេញពីផ្ទះដើម្បីទៅទទួលប្តីចេញពីធ្វើការ ។ លុះធ្វើដំណើរមកដល់ផ្លូវលំត្រង់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ ២នាក់ជិះម៉ូតូហ្វីណូ មិនចាំស្លាកលេខមួយគ្រឿងស្ទាក់ពីមុខ ហើយពេលនោះជនម្នាក់ក្នុងចំណោម២នាក់បានចុះពីលើម៉ូតូ រួចដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកពីចង្កេះមកភ្ជង់ ដើម្បីរក្សាជីវិតរូបនាងក៏បានប្រគល់ម៉ូតូជនសង្ស័យទាំងនោះ ។
បន្ទាប់ពីក្រុមចោរផ្ជង់ប្លន់បានម៉ូតូ និងសម្ភារៈមួយចំនួនរួមមាន ទូរស័ព្ទស៊េរីទំនើបម៉ាកសាំសុងចំនួន២គ្រឿង និងប្រាក់ជាង១០០ដុល្លារ ដែលជនរងគ្រោះដាក់លុយ និងទូរស័ព្ទនៅក្រោមកែបម៉ូតូ ហើយគេចខ្លួនដោយសុវត្ថិភាព ទើបជនរងគ្រោះស្រែកឆោឡោ រួចបានទៅដាក់ ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លា ដើម្បីស្វែងរកជនសង្ស័យចាប់មកផ្តន្ទាទោសតាមច្បាប់ ៕