ខេត្តបាត់ដំបង ៖ បុរសម្នាក់ធ្វើដំណើរពីស្រុកមោងឬស្សី មកលេងកូននៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ប៉ុន្តែបានបាត់ខ្លួនគ្មានដំណឹងសោះ ហើយកូនៗនិងសាច់ញាតិ បានដើរកគ្រប់ទីកន្លែង និងបានផ្តល់រូបថតទុកឲ្យប្រជាពលរដ្ឋមើល និងប្រកាសស្វែងរកឪពុក តាមវិទ្យុកាសែតជិត ១ខែ មកហើយ ស្រាប់តែត្រូវអ្នកស្រុកប្រទះឃើញ ដេកផ្កាប់មុខស្លាប់ក្បែរភ្លឺស្រែ កាលពីម៉ោង ១៧និង៣០ នាទីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចព្រំប្រទល់ ភូមិឃុំពាមឯក ស្រុកឯកភ្នំ និងក្រុងបាត់ដំបង ហើយសពមាន សភាពស្អុយរលួយ ត្រូវបានសែងយកមក ធ្វើបុណ្យតាមប្រពៃណី។
ជនរងគ្រោះមានឈ្មោះ អ៊ុន ម៉ៅ អាយុ ៥០ឆ្នាំមានទីលំនៅ ក្នុងភូមិចក ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ សពដេកផ្កាប់មុខ មានស្បែកជើងផ្ទាត់ នៅជាប់ដៃសង្ខាង ពាក់អាវយឺតបង្កង់ពណ៌សក្រហម ស្លៀកខោខ្លីពណ៌ទឹកប៊ិច មានក្លិនស្អុយ រលួយដល់ឆ្អឹងក្បាល។ ក្រោយពីពិនិត្យសាកសព មិនស្គាល់សាវតា។ សាក្សីនៅកន្លែងកើតហេតុឈ្មោះ សុខ គឹមស៊ាន ភេទស្រី អាយុ ៣០ឆ្នាំរស់នៅភូមិសួរអី បានឲ្យដឹងថា បុរសរងគ្រោះកាលពី អំឡុងថ្ងៃទី ១០ ខែវិច្ឆិកា កូនរបស់សព រស់នៅភូមិក្តុល បានដើររកឪពុកពេញមួយស្រុកឯកភ្នំ ដោយទុករូបថតឲ្យប្រជាពលរដ្ឋ ជួយរកនិងផ្តល់ដំណឹង ហើយក៏មានការប្រកាស តាមវិទ្យុនិងកាសែត តែមិនឃើញ។
នៅពេលប្រជាពលរដ្ឋ ប្រទះឃើញសពនេះ មានខោអាវដូចក្នុងរូបថត ទើបទៅហៅកូនឲ្យមក មើលទើបដឹងថា ជាឪពុករបស់ពួកគេ ដែលកំពុងតាមរក។ ឈ្មោះ ផេង ខ្នូន ភេទប្រុស អាយុ ២៥ឆ្នាំ ជាកូនប្រុសរបស់ជនរងគ្រោះ រស់នៅភូមិក្តុល បានឲ្យដឹងថា ឪពុកបានមកលេងខ្លួន តាំងពីថ្ងៃទី១០ ខែវិច្ឆិកា បានមួយយប់ ក៏បាត់គាត់រហូត ទោះជាខំដើររកគាត់ ពីភូមិមួយទៅភូមិមួយ ក៏មិនឃើញ។ នគរបាលស្រុកឯកភ្នំ បានឲ្យដឹងថា បុរសដែលស្លាប់ ដោយសារស្រវឹងដើររអិលជើង ដួលតាមភ្លឺស្រែមិនមែនជា ករណីឃាតកម្មអ្វីនោះទេ ព្រោះមិនមានស្លាកស្នាម នៅលើសពទេ៕