ខេត្តកំពង់ធំ ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយទាំងព្រឹកព្រលឹម ខណៈដែលជនរងគ្រោះធ្វើដំណើរតាមផ្លូវត្រូវរថយន្តបង្កបុកពេញមួយទំហឹងពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេច ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះកើតឡើងកាលពីវេលាម៉ោង៥ និង ៣០ នាទីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៦A ត្រង់ផ្លូវបំបែកជា៤ មុខសណ្ឋាគារអរុណរះ ស្ថិតក្នុងភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុមានឈ្មោះ សោម ប្រសើរ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិ កំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន មានមុខរបររត់ម៉ូតូឌុប ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តបង្កម៉ាកកាមរីពណ៌ស គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីត្បូងទៅជើង ។ លុះមកដល់កន្លែងកើតហេតុដោយសារល្បឿនលឿនជ្រុល ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខកំពង់ធំ 1C4357 ហើយអូសប្រមាណជាង ១០០ ម៉ែត្រ បណ្តាលឲ្យជនរងគ្រោះបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗមួយរំពេច ។ ឃើញហេតុការណ៍ដូចនេះជនបង្កបានចុះចេញពីរថយន្តគេចខ្លួនបាត់ស្រមោលដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅធ្វើការវាស់វែង ហើយយករថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះទៅ រក្សាទុកនៅអធិការដ្ឋាន ដើម្បីស្វែងរកជនបង្កមកដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕