ក្រុងប៉ោយប៉ែត ៖ សេចក្តីរាយការណ៍ប៉ោយប៉ែតបានឲ្យ ដឹងថា លោក អ៊ុត សុភាព ប្រធានស្នាក់ការកាំកុងត្រូល ប្រចាំក្រុងប៉ោយប៉ែត បានបើកភ្លើងខៀវឲ្យលោក ស៊ាន ស៊ីណាត មានតួនាទីជា អនុប្រធានស្នាក់ការកាំកុងត្រូលប្រចាំច្រកអន្តរជាតិប៉ោយប៉ែត សហការជាមួយមន្ត្រីជំនិតចំនួន២នាក់ទៀត គឺទី១-ឈ្មោះ ខៀវ ពេជ្រតារាវឌ្ឍនា និងទី២- ឈ្មោះ ស៊ាន តារា ឲ្យប្រមូលលុយកក្រៅច្បាប់ ហើយក៏បានជួលជនស៊ីវិលចំនួន២នាក់ផ្សេងទៀត ឈរចាំគាបជំរិតកោសរូសទារលុយពីកម្មករអូសរទេះដឹកជញ្ជូនទំនិញប្រចាំ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយគ្មានការយោគយល់ និងលើកលែងឡើយ។ ជារៀងរាល់ថ្ងៃគេឃើញ លោក ស៊ាន ស៊ីណាត ដែលជាមន្ត្រីមានជំនាញ និងបទពិសោធន៍ច្បាស់លាស់ក្នុងការចាត់តាំងមន្ត្រីជំនិតៗរបស់គាត់ឲ្យ ចុះដាក់ប៉ុស្តិ៍ជជុះ តាំងពីចំណុចប្រាសាទកំពូល៣ រហូតដល់រង្វង់មូលប៉ោយប៉ែត ដើម្បីរាប់ក្បាលរទេះដឹកជញ្ជូនទំនិញឲ្យបង់លុយ១រទេះ ៥០បាតសម្រាប់រទេះតូចៗ រីឯប្រភេរទេះធំតម្លៃផ្សេង ហើយក្នុងមួយថ្ងៃៗមានរទេះដឹកទំនិញរាប់រយរទេះ។
ក្រុមឈ្មួញជាច្រើន ដែលមានអាជីពរកស៊ីដឹកជញ្ជូនទំនិញខុសច្បាប់និងទំនិញគេចពន្ធបានឃុបឃិត ជាមួយមន្ត្រីជំនាញ ដូចជាឈ្មោះ ថោង ឡេង ឈ្មោះ ជីវ ឈ្មោះ ចែមុំ ឈ្មោះ ចែស្រី និងយាយ ហ៊យ គឺមេឈ្មួញទាំង៥នាក់នេះ បានផ្តល់ផលប្រយោជន៍ជូនលោក ស៊ាន ស៊ីណាត ជាប្រចាំថ្ងៃ ដើម្បីកុំឲ្យជំនាញកាំកុងត្រូលឆែកឆេរត្រួតពិនិត្យរទេះដឹកជញ្ជូន ទំនិញរបស់ពួកគេ។ ដូចដែលកម្មករមួយចំនួនបានបង្ហើបឲ្យដឹងថា ក្រុមឈ្មួញធំៗទាំង៥នាក់នេះ គឺជាកំពូលអ្នករកស៊ីនាំចូលទំនិញខុសច្បាប់ និងទំនិញគេចពន្ធ តាមច្រកអន្តរជាតិប៉ោយប៉ែត ក៏ដូចជាតាមច្រករបៀង ហើយសម្រាប់រទេះដឹកទំនិញរបស់ឈ្មួញទាំង៥នាក់នេះ គេបានសរសេរឈ្មោះលើកូនក្រដាសតូចៗទំហំ ២ធ្នាប់ដៃ ដើម្បីឲ្យកម្មករអូសរទេះបង្ហាញទៅជំនាញកាំកុងត្រូល ហើយពួកគេក៏បានកត់ត្រាចំនួនរទេះជាប់ជាប្រចាំ ដើម្បីយកតួលេខនៃរទេះដឹកទំនិញយកទៅផ្ទៀងផ្ទាត់បើកលុយពីក្រុមឈ្មួញ ។
ចំណែកលោក លោក អ៊ុត សុភាព វិញ មានតួនាទីជាប្រធានស្នាក់ការកាំកុងត្រូល ប្រចាំក្រុងប៉ោយប៉ែត ប៉ុន្តែគាត់មិនសូវខ្វល់ខ្វាយពីការងារជំនាញនោះទេ ព្រោះគាត់ បានប្រគល់ភារកិច្ចតួនាទីប្រមូលលុយតាមគ្រប់ច្រកល្ហក ឲ្យទៅលោក ស៊ាន ស៊ីណាត ក្តោបក្តាប់ ហើយក្នុងមួយថ្ងៃៗគេសង្កេតឃើញលោក អ៊ុត សុភាព ធ្វើដំណើរចូលទៅបរិវេណកាស៊ីណូ នៅក្នុងក្រុងប៉ោយប៉ែត ដែលគេមិនច្បាស់ទេថា តើគាត់ទៅទីនោះដើម្បីណាត់ជួបភ្ញៀវ ឬយ៉ាងណានោះទេ។ អំពើពុករលួយរបស់ជំនាញកាំកុងត្រូលប្រចាំច្រកអន្តរជាតិប៉ោយប៉ែត គេមើលឃើញជាចំហ ហើយដោយសារគឹតតែពីប្រមូលលុយបង់ថ្លៃក្បាលឡាន ឬក្បាលរទេះនោះ ជំនាញកាំកុងត្រូល លែងសូវរវល់ការត្រួតពិនិត្យការដឹកជញ្ជូនទំនិញម្តងណាឡើយ នាំឲ្យទំនិញខុសច្បាប់ ទំនិញខូចគុណភាពមានជាតិថ្នាំគីមី ហូរចូលប្រទេសកម្ពុជាដោយសេរី។
ប្រធានកាំកុងត្រូលប្រចាំច្រកអន្តរជាតិប៉ោយប៉ែត គឺលោក អ៊ុត សុភាព ត្រូវបានប្រជាពលរដ្ឋជាពិសេសអ្នករកស៊ីតូចតាចរិះគន់ថា បានធ្វើស្រែលើខ្នងពួកគាត់គ្មានមេត្តា ជាជនពុករលួយដ៏ចេញមុខ ឃុបឃិតឲ្យមន្ត្រីជំនិតៗរបស់ខ្លួនចេញប្រមូលលុយយ៉ាងអានាធិបតេយ្យ ពីគ្រប់ច្រកល្ហកដើម្បីយកទៅចែកគ្នាច្រកហោប៉ៅរៀងខ្លួនធ្វើមាន ធ្វើបាន ដោយមិនដែលក្រែងញញើតចំពោះវិធានការរឹតបន្តឹងរបស់អង្គភាពប្រឆាំង អំពើពុករលួយ ដែលបានកំណត់យកខេត្តបន្ទាយមានជ័យជាគំរូល្អមុនគេ ក្នុងការលុបបំបាត់អំពើពុករលួយ។ ហើយថ្មីៗនេះប្រជាពលរដ្ឋអ្នកក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១២ ខែមិថុនា នេះ ដែលជាអាជីវករដឹកជញ្ជូនទំនិញដោយរទេះពីផ្សារថៃ និងក្រុមអ្នករត់ម៉ូតូកង់៣ បានធ្វើបាតុកម្មទាម ទារឲ្យសមត្ថកិច្ចដែលគ្មានភារកិច្ចត្រូវប្រមូលលុយសុំឲ្យបញ្ឈប់ យកលុយពីពួកគាត់ដូចជាអង្គភាព កាំកុងត្រូលនេះតែម្តង៕