សហរដ្ឋអាមេរិក ៖ យ៉ាងហោចណាស់មនុស្ស ៤ នាក់ បានស្លាប់ និង ៦៧ នាក់ផ្សេងទៀតបានទទួលរងរបួស ខណៈដែលរថភ្លើង១ខ្សែ បានជួបឧបទ្ទវហេតុរត់ធ្លាក់ផ្លូវស្ថិតក្នុងទីក្រុងញូវយ៉ក សង្កាត់ Bronx កាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញនេះ ។ នេះបើយោងតាមប្រាប់ឲ្យដឹងពីលោក Ray Kelly មេប៉ូលីសក្រុងញូវយ៉ក ដែលបញ្ជាក់ថា រថភ្លើង Metro-North ១ខ្សែ បានរត់ធ្លាក់ខ្សែដែក នៅត្រង់ចំណុចផ្លូវកោង ។
មុននោះ នាយកដ្ឋានពន្លត់អគ្គីភ័យក្រុងញូវយ៉ក បាននិយាយថា មានមនុស្ស ៦៣ នាក់ រងរបួស ដែលក្នុងនោះ មាន ១៧ នាក់ ស្ថិតក្នុងលក្ខខណ្ឌធ្ងន់ធ្ងរ និង ៤៦ នាក់ទៀត រងរបួសស្រាល ។
ពួកមន្ត្រីពន្លត់អគ្គីភ័យញូវយ៉ក បាននិយាយថា រថភ្លើងនេះ ដែលកំពុងធ្វើដំណើរពី Poughkeepsie ទៅកាន់ Grand Central Terminal ស្ថិតនៅក្នុង Manhattan ភាគកណ្តាលនៃទីក្រុងនេះ បានរត់ធ្លាក់ផ្លូវដែក ដែលមានចម្ងាយប្រមាណជា ៩១ ម៉ែត្រ ភាគខាងជើង នៃស្ថានីយ៍ Spuyten-Duyvil ក្នុងសង្កាត់ Bronx មុនម៉ោង ៧ នៅ ៣០ នាទី នៅថ្ងៃអាទិត្យ ម៉ោងក្នុងតំបន់ (1230 GMT) ។
ទូរថភ្លើងយ៉ាងតិច ៤ បានរលំទាំងស្រុង នៅលើផ្នែកម្ខាងនៃផ្លូវដែក ។ រីឯកម្លាំងក្រុមពន្លត់អគ្គីភ័យប្រមាណ ១០០ នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមៗផងដែរ ដើម្បីសង្គ្រោះជីវិតមនុស្ស ។
យ៉ាងណាមិញ ចំពោះមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់នេះកើតឡើងបែបនេះ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសហកាគ្នាស៊ើបអង្កេត ៕