ខេត្តព្រះសីហនុ ៖ រឿងរ៉ាវដែលប្រជាពលរដ្ឋ និងព្រះសង្ឃនៅវត្តខ្ទរ ក្នុងសង្កាត់ព្រែកលៀប ប្រើហិង្សាប្រឆាំងចំពោះក្រុមហ៊ុន អេងកាំង របស់លោក អង្គ លីអេង ដែលប៉ុនប៉ងទន្ទ្រានយកដីវត្ត និងប្រើគ្រឿងចក្រទៅ វាយកម្ទេចកន្លែងបូជាសព និងរោងបុណ្យមិនទាន់ដោះស្រាយរួចរាល់នៅឡើយទេ ឥឡូវនេះស្រាប់តែប្រជាពលរដ្ឋជាង ២០០ នាក់រស់នៅឃុំអូរជ្រៅ ស្រុកព្រៃនប់ បានក្តៅក្រហាយ ជាមួយក្រុមហ៊ុន ឈាង ផាន់ណារិទ្ធ ដែលប៉ុនប៉ងឈូសឆាយ កន្លែងបូជានិងកប់សព ប្រចាំឃុំរបស់ពួកគេ ដែលទាមទារឲ្យលោក ស្បោង សារ៉ាត ជាអភិបាលខេត្តព្រះសីហនុ ជួយដោះស្រាយឲ្យបាន ទាន់ពេលវេលា។
សេចក្តីរាយការណ៍ពី ខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី ១ ខែធ្នូ យ៉ាងហោចណាស់ ក៏មានប្រជាពលរដ្ឋប្រមាណ ២០០នាក់ រស់នៅឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រមូលផ្តុំគ្នា នៅកន្លែងបូជាសព និងជាទីវាលកប់ខ្មោច ប្រចាំមូលដ្ឋានដែលប្រជាពលរដ្ឋ នៅទូទាំងឃុំអូជ្រៅ បានប្រើប្រាស់អាស្រ័យផល រាប់ទសវត្សរ៍មកហើយ ដោយសារតែពួកគាត់មិនសុខចិត្ត ចំពោះអាជ្ញាធរឃុំ ដែលបានអនុញ្ញាត ឲ្យក្រុមហ៊ុន ឈាង ផាន់ណារិទ្ធ កាន់កាប់និងអភិវឌ្ឍន៍នៅលើនេះ ដោយមិនបានសិក្សា និងដោះស្រាយផលប៉ះពាល់ ធ្វើឲ្យប្រជាពលរដ្ឋ ក្តៅក្រហាយយ៉ាងខ្លាំង។
លោក គឹម សុធា ជាតំណាងប្រជាពលរដ្ឋ ដែលនាំគ្នាធ្វើការតវ៉ា បានបញ្ជាក់ថា ប្រជាពលរដ្ឋបាននាំគ្នាតវ៉ា នៅលើដីមួយកន្លែង ស្ថិតក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីប្រឆាំងតទល់ ជាមួយក្រុមហ៊ុន ឈាង ផាន់ណារិទ្ធ ដែលត្រៀមនឹងឈូសឆាយ កន្លែងបូជានិងកប់សព របស់សាច់ញាតិពួកគេ។ លោក គឹម សុធា បានបន្ថែមទៀតថា ការប្រមូលផ្តុំគ្នានេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋបានដឹងថា មេឃុំបានចុះហត្ថលេខា ប្រគល់ដីនៅចំណុចនោះ ឲ្យទៅក្រុមហ៊ុន ឈាង ផាន់ណារិទ្ធ ជាមេឈ្មួញនិងជា មន្ត្រីដ៏មានអំណាច។
សមាជិកក្រុមប្រឹក្សា ខេត្តព្រះសីហនុម្នាក់គឺលោក លី ឌី ដែលបានចុះទៅឃ្លាំមើល នៅកន្លែងប្រមូលផ្តុំតវ៉ានោះ បានបង្ហើបឲ្យដឹងថា មិនមានអ្វីចម្លែកទេ ដែលក្រុមហ៊ុនចង់បានដី នៅទីនោះសម្រាប់ធ្វើការអភិវឌ្ឍ ដោយសារតែតំបន់នោះ មានទេសភាពស្អាត ដែលអាចនឹងសាងសង់ជា រមណីយដ្ឋានដ៏ស្រស់ស្អាត។ បញ្ហាបានកើតឡើង ដោយសារតែអាជ្ញាធរមូលដ្ឋាន បានចុះហត្ថលេខា ប្រគល់ដីនោះឲ្យទៅក្រុមហ៊ុន ដោយមិនបានធ្វើការសិក្សា ឲ្យបានច្បាស់លាស់ ព្រោះដីនោះប្រជាពលរដ្ឋ បានទុកដាក់សពសាច់ញាតិរបស់ពួកគេតាំងពីឆ្នាំ ១៩៧៩ មកម្ល៉េះ៕