ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ខណៈដែលកំពុងធ្វើដំណើរ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើង កាលពីវេលាម៉ោង ១១ និង ៣០ នាទីព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចផ្លូវជាតិ៥៩ ស្ថិតក្នុងភូមិអូរអំពិល ឃុំពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ស្ត្រីជនមានឈ្មោះ ស៊ិន ចាន់ធូ អាយុ៤០ ជាកសិករ រស់នៅក្នុងភូមិបន្ទាយទី១ ឃុំពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ចំណែកជនបង្កពុំទាន់ដឹងអត្តសញ្ញាណនៅឡើយទេ គ្រាន់ដឹងថាជាមន្ត្រីយោធាទំនាក់ទំនងព្រំដែនកម្ពុជា-ថៃមួយរូបប៉ុណ្ណោះ ដោយសម្អាងលើរថយន្ត។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកលុច្សស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-9513 បើកបរដោយបុរសម្នាក់ក្នុងទិសដៅលិច ទៅកើត ដោយល្បឿនយ៉ាងលឿន ស្របទិសជាមួយម៉ូតូម៉ាកអ៊ែប្លែក ពណ៌ខ្មៅ ឥតស្លាកលេខ ១គ្រឿង ដោយជិះដោយស្ត្រីម្នាក់ ។ លុះមកដល់ចំណុចកើតហេតុដោយសារល្បឿន និងគ្មានភាពប្រុងប្រយ័ត្នបានជ្រុលទៅបុកពីក្រោយ ធ្វើឲ្យស្ត្រីរងគ្រោះបោកក្បាលស្លាប់ភ្លាមៗមួយរំពេច ។ បន្ទាប់ពីកើតហេតុជនបង្កបានចុះពីរថយន្តគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចបានមកធ្វើការវាស់វែង និងយករថយន្តបង្ក រួមទាំងម៉ូតូរបស់ជនរងគ្រោះទៅរក្សានៅអធិការដ្ឋានស្រុកម៉ាឡៃ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕