រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់បុរសម្នាក់និងស្ត្រីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចចារណ៍មួយដែលបណ្តាលមកពីរថយន្ត និងម៉ូតូបើកបរក្នុងទិសដៅ បញ្ច្រាសទិសគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង១០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចមុខស្ថានីយប្រើងអិលអេកអរ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញ ហាណូយ (១០១៩) ក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុមានឈ្មោះ ជន ជឿន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរគក់ជេរម៉ូតូស្នាក់នៅក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងនារីម្នាក់ទៀតឈ្មោះមុំ អាយុប្រហែល៣០ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ឃុំត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរស ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខភ្នំពេញ 1G-1927 ដោយ ឌុបស្ត្រីម្នាក់តាមទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវភ្នំពេញហាណូយ ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយក្រហម ពាក់ស្លាកលេខភ្នំពេញ 3C-1742បើកបរក្នុងទិសដៅបញ្ច្រាសក៏បានបុកម៉ូតូជនរងគ្រោះចំពីមុខពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ក្រោយពីឃើញហេតុការណ៍ដូចនេះអ្នកបើកបររថយន្តខាងលើបានចតរថយន្តចោលរួចរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីកើតហេតុសមត្ថកិច្ចចុះទៅវាស់វែង និងនិងរថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោករាជធានីភ្នំពេញ រង់ចាំភាគីទាំងសង្ខាងមកដោះស្រាយជាក្រោយ ។ សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕