លោក សំ សុជា ប៉ូលីស​សេដ្ឋកិ​ច្ច​​ក្រ​សួ​ង​ម​ហា​​ផ្ទៃ ​ផ្ត​ល់​​អ្វី​​ខ្លះ​ដល់​ថ្នាក់លើ​ ទើប​​លោក​មាន​សិទ្ធិ​យក​ផ្លូវជាតិ​លេខ​២១B ធ្វើ​អាជីវកម្ម​ប្រមូល​លុយ​ច្រក​ហោប៉ៅ​ងាយ​ស្រួល​

, , Leave a comment

​ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​និង​ក្រុម​ឈ្មួញ រកស៊ី​ដឹកជញ្ជូន​ទំនិញ តាមផ្លូវ​ជាតិ​លេខ​២១B បាន​សំដែង​ភាព​ក្តៅក្រហាយ ចំពោះ​លោក សំ សុជា ជា​មន្ត្រី​ប៉ូលីស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃដែល​បាន​យក​លិខិត​បេសកកម្ម របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​ទៅធ្វើ​អាជីវកម្ម ចេញ​ចល័ត​ដាក់​ប៉ុស្តិ៍​ជជុះ តាមផ្លូវ​ជាតិ​លេខ​២១B យ៉ាង​អនាធិបតេយ្យ ហើយ​គាបសង្កត់​ប្រជាពលរដ្ឋ អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​បន្តិចបន្តួច រួមទាំង​កសិផល​ផងដែរ ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ​។​

 

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ពួកគាត់​បាន​ដឹកជញ្ជូន កសិផល​យកទៅលក់ នៅ​ប្រទេស​វៀតណាម ឬក៏​ដឹកទំនិញ​ផ្សេងៗ មកពី​ប្រទេស​វៀតណាម តាម​ច្រក​ជ្រៃ​ធំ យកមក​លក់​នៅ​ភ្នំពេញ មិនដែល​គេចផុត​ពី​ប៉​ស្តិ៍​ជជុះ របស់លោក សំ សុជា នោះទេ​។ មានការ​រំលឹក​ផងដែរ​ថា មន្ត្រីប៉ូលិស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​របស់លោក សំ សុជា បាន​ចុះមក​ដាក់​ប៉ុស្តិ៍​ជជុះ តាមផ្លូវ​ជាតិ​លេខ​២១B ច្រើន​ឆ្នាំ​មកហើយ តែងតែ​រំខាន​ការរកស៊ី ដឹកទំនិញ​របស់​ប្រជាពលរដ្ឋ និង​ឈ្មួញ​តូចតាច មិនដឹង​ជា​ពួកគេ​រត់ការ ទិញ​ប៉ុស្តិ៍ អស់​ប៉ុន្មាន​នោះទេ ក្នុង​មួយខែៗ ការរកស៊ី​ដឹកជញ្ជូន​ទំនិញ ទាំង​ស្របច្បាប់​និង​ខុសច្បាប់ ត្រូវតែ​ចូល​បង់លុយ ឲ្យ​លោក សំ សុជា តាម​ការទាមទារ ទើប​អាច​ដឹកជញ្ជូន​ទំនិញ ឬ​កសិផល​ឆ្លងកាត់ តាមផ្លូវ​ជាតិ​លេខ ២១B ទៅកាន់​ច្រកព្រំដែន​ជ្រៃ​ធំ បាន​ដោយ​រលូន ។ តាម​ធម្មតា​លោក សំ សុជា បានកំណត់​ឲ្យ ប្រជាពលរដ្ឋ​រកស៊ី​ដឹកជញ្ជូន ទំនិញ​មានដូចជា ត្រី ពង​ទា បន្លែ អីវ៉ាន់​ចាប់ហួយ ពោត សណ្តែក ល្ង ត្រូវតែ​ចូល​បង់លុយ​ចាប់ពី ១៥​ទៅ​២០ ម៉ឺន​រៀល ដោយ​គិត​តាម​រថយន្ត​តូច​ឬ​ធំ គ្មាន​នរណា​ហ៊ាន​បើក​ហួស ឬ​ភ្លេច​ចូល​បង់លុយ​នោះទេ ។​

 

​ចំណែក​រកស៊ី​ដឹកជញ្ជូន ទំនិញគេចពន្ធ ដូចជា​ថ្នាំពុល តាម​ម៉ូតូ​ឬ​រថយន្ត​តូចៗ​នោះ ក៏ត្រូវ​ចូល​បង់លុយ​ឲ្យ​លោក សំ សុជា ជាប្រចាំ​ខែ​ដោយ​កំណត់ ក្នុង​មួយខែ​ចាប់ពី ២០០ ដុល្លារ​ទៅ ៣០០ ដុល្លារ ទើប​អាច​រកស៊ី​បាន​។ បើ​មិន​បង់លុយ​ទៅតាម ការទាមទារ​នោះទេ គឺ​លោក សំ សុជា នឹង​បើករថយន្ត​ប្រដេញ តាម​ចាប់​ដល់ផ្ទះ យកមក​ផាកពិន័យ រាប់ពាន់​ដុល្លារ ហើយក៏​ដោះលែង​ស្ងាត់ៗ​ទៅវិញ ដែល​រូបភាព​នេះ គេ​ដឹងថា លោក សំ សុជា ដើរតួ​ជា​នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​ផង និង​ជា​តុលាការ​ផង គ្មាន​ក្រែង​ញញើត ពី​ច្បាប់ទម្លាប់​អ្វី​ទេ​។​

 

​មានការ​កត់សម្គាល់ថា ជា​រៀងរាល់ថ្ងៃ​យប់ មាន​រថយន្ត​កាមរី​ឆ្លាម ពណ៌​កណ្តុរ​ប្រមេះ ពាក់​ស្លាក​លេខ ន​.​ប បិទ​កញ្ចក់​ខ្មៅ​ដែល​គេ​ស្គាល់​ថា ជា​របស់លោក សំ សុជា បើក​ចល័ត​តាមផ្លូវ​លេខ​២១B ជាប់​ជាប្រចាំ ដើម្បី​តាម​ប្រមាញ់ រថយន្ត​ដឹកជញ្ជូន​ទំនិញ ទាំង​ស្របច្បាប់​និង​មិន​ស្របច្បាប់ ដើម្បី​តាម​ប្រដេញ​ឲ្យ​ចូល​បង់លុយ​។ សកម្មភាព​របស់លោក សំ សុជា បែបនេះ​គឺ​ផ្ទុយ​ពីបទ​បញ្ជា របស់​ប្រមុខ​រដ្ឋាភិបាល​ដែល​បាន​ហាមឃាត់​ដាច់ខាត មិន​ឲ្យ​មាន​ប៉ុស្តិ៍​ជជុះ​តាមផ្លូវ រំខាន​ដល់​ការរកស៊ី ដឹកជញ្ជូន​ទំនិញ​របស់​ប្រជាពលរដ្ឋ​។​

30-11-2013

​ពាក់ព័ន្ធ​នឹង​ការរិះគន់​ដែលថា លោក សំ សុជា ជា​មន្ត្រីប៉ូលិស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចេញ​ចល័ត​ដាក់​ប៉ុស្តិ៍​ជជុះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១B កោសរូស​ទារលុយ​ពី​ប្រជាពលរដ្ឋ ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ ដូចខាងលើ​នេះ វត្តភ្នំ ព្យាយាម​សុំ​ការបំភ្លឺ​ពី​លោក សំ សុជា ផងដែរ ក៏ប៉ុន្តែ​ពុំមាន​ប្រភព​ទាក់ទង​បានឡើយ​។ យ៉ាងណាក៏ដោយ​គេ​យល់ថា លោក សំ សុជា បាន​បង់លុយ​ជូន​លោក ហែម មុន្នី ដែលជា​មេប៉ូលីស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ប្រចាំខេត្ត​កណ្តាល តាមរយៈ​ការទិញ​ប៉ុស្តិ៍ ច្រើនសន្ធឹក​សន្ធាប់​ហើយ​មើលទៅ ទើប​លោក សំ សុជា មិន​ក្រែង​ញញើត​អ្វី​ទាំងអស់​៕

 

Leave a Reply

(*) Required, Your email will not be published