ប្រទេសថៃ ៖ រហូតមកដល់ថ្ងៃព្រហស្បត្តិ៍នេះ មិនមានការចាប់ខ្លួនណាមួយបានត្រូវធ្វើឡើងនៅឡើយទេ ហើយលោកស៊ូថេបនៅតែបន្តដឹកនាំមហាបាតុកម្មតាមដងផ្លូវ កាន់កាប់ក្រសួងស្ថាប័នរដ្ឋសំខាន់ជាង១០កន្លែង និងរាប់បញ្ចូលបាតុកម្មនៅតំបន់ដទៃទៀតដូច ។
នៅចំកណ្ដាលនៃមហាបាតុកម្មនៅក្រុងបាងកក និងតំបន់មួយចំនួននៃប្រទេសថៃ ដែលទាមទារឱ្យលោកស្រីយីងឡាក់នាយករដ្ឋមន្ត្រីថៃ លាលែងពីដំណែង និងរំលាយសភានោះ នៅថ្ងៃនេះសភាជាន់ទាបរបស់ថៃ ដែលសមាជិកភាគច្រើនមកពីគណបក្សភឿថៃ និងសម្ព័ន្ធមិត្តក្នុងរដ្ឋាភិបាលនោះ បានសម្រេចផ្ដល់សេចក្ដីទុកចិត្តសាជាថ្មី ក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត ដែលស្នើឡើងដោយគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំង។ ខណៈលោកស៊ូថេប ដែលជាមេបាតុកម្មប្រឆាំងលោកស្រីបានប្រកាសថាលោកត្រៀមខ្លួនរួចរាល់ដើម្បីប្ដូរស្លាប់ក្នុងសមរភូមិនយោបាយលើកនេះ។
សមាជិកសភា ២៩៤ រូប បានលើកដៃគាំទ្រ ខណៈ ១៣៤ រូប ទៀតបានលើកដៃប្រឆាំងលោកស្រី។ ប្រឆាំង និងចង់ទម្លាក់ក៏ដោយសារតែក្រោមហេតុផលថា រដ្ឋាភិបាលលោកស្រីយីងឡាក់ មានរឿងអាស្រូវក្នុងរឿងគម្រោងគ្រប់គ្រងធនធានទឹកមានតម្លៃ ១០៨ លានដុឡា និងបញ្ហាវិបត្តិថវិការបស់រដ្ឋាភីបាល ក្នុងការឧបត្ថម្ភធន ធានាទិញស្រូវអង្ករកសិករ។ តែលទ្ធផលនៃការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជាថ្មីនេះ ទំនងជានឹងមិនអាចឱ្យវិបត្តិនយោបាយថៃថយកម្ដៅទេ។ តែនេះអាចនឹងនាំឱ្យកាន់តែធ្ងន់ធ្ងរទៀតក៏ថាបាន ខណៈដែលការគាំទ្រនេះ មានលក្ខណៈផ្ទុយពីឆន្ទះហ្វូងមនុស្សរាប់ម៉ឺននាក់នៅតាមដងផ្លូវក្នុងក្រុងបាងកក ដែលទាមទារយ៉ាងរន្ថើន ឱ្យគាស់រំលើងរបបថាក់ស៊ីន យកអំណាចឱ្យប្រជាជន។
ពាក្យយកអំណាចឱ្យប្រជាជន នេះ ត្រូវបានប្រើដោយលោកស៊ូថេប ក្នុងការដឹកនាំបាតុកម្មរបស់លោក ហើយកាលពីម្សិលមិញ លោកបាននិយាយថា លោកត្រៀមខ្លួនរួចរាល់ដើម្បីស្លាប់ក្នុងសមរភូមិនយោបាយលើកនេះ។ ដែលការប្រកាសនេះមានឡើង១ថ្ងៃបន្ទាប់ពីតុលាការព្រហ្មទណ្ឌ បានចេញដីកាតាមចាប់ខ្លួនលោក និងស្នើឱ្យលោកប្រគល់ខ្លួនតាមសម្រួល៕