រាជធានីភ្នំពេញ ៖ មន្ត្រីជាច្រើនដែលកំពុងឈឺចាប់ ចំពោះការដឹកនាំមិនត្រឹមត្រូវ និងភាពអសកម្មរបស់លោក ម៉ម ប៊ុនហេង ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តលាតត្រដាង ពីប្រវត្តិប្រព្រឹត្តអំពើពុករលួយ របស់លោក ម៉ម ប៊ុនហេង តាំងពីឆ្នាំ២០០៥ រហូតមកដល់ពេលនេះ មិនទាន់មានការកែទម្រង់សូម្បីតែបន្តិច ហើយគេចាំបានថា កាលពីឆ្នាំ២០០៥ លោក ម៉ម ប៊ុនហេង ធ្លាប់បានទាត់ចោល សំណើបណ្តុះបណ្តាលពេទ្យឆ្មប ដែលសាលានានា និងសាលាភូមិភាគមួយចំនួន បានស្នើមកកាន់ ក្រសួងសុខាភិបាលរហូតដល់សម្តេច ហ៊ុន សែន ក្តៅស្លឹកត្រចៀកម្តងរួចមកហើយ ឥឡូវនេះក៏ត្រូវម្ចាស់ជំនួយ លាតត្រដាង រឿងអាស្រូវពុករលួយ គួរឲ្យភ្ញាក់ផ្អើលបំផុត។
ពាក់ព័ន្ធ នឹងការបណ្តុះបណ្តាល ពេទ្យឆ្មបនេះផងដែរ ប្រភពបានឲ្យដឹងថា ជំទាវម្នាក់របស់លោក ម៉ម ប៊ុនហេង ដែលកាន់តំណែងជា ប្រធាននាយកដ្ឋានធនធានមនុស្ស បានប្រើសិទ្ធិអំណាចគាបសង្កត់ ទៅលើនាយកសាលា បណ្តុះបណ្តាលគ្រូពេទ្យ តាមតែអំពើចិត្ត ហើយគេដឹងថា លោក ម៉ម ប៊ុនហេង បានលើកសរសើរ សាលាពេទ្យមួយនៅក្នុង ខេត្តកំពង់ចាម ដែលដឹកនាំដោយ ស្រីស្នេហ៍របស់គាត់ ថាល្អមិនដាច់ពីមាត់ បើទោះបីជាគិលានុបដ្ឋាក ចេញមកពីសាលាកំពង់ចាម គេសឹងថាគេមិនរើសយកទៅធ្វើការក៏ដោយ។ រហូតដល់ឆ្នាំ២០០៩ ដោយឃើញមានខ្វះពេទ្យឆ្មប នៅទូទាំងប្រទេស ទើបសម្តេច ហ៊ុន សែន បានសួរនាំពីបញ្ហានេះ ស្រាប់តែលោក ម៉ម ប៊ុនហេង បានបង្កើតឲ្យមានវគ្គ បណ្តុះបណ្តាលពេទ្យឆ្មប យកបុង បើទោះបីជាគាត់ធ្វើឲ្យខាត ពេលវេលារយៈពេល ៦ ឆ្នាំ គួរឲ្យសោកស្តាយបំផុត។
មន្ត្រីមួយចំនួនទៀតក៏បានលើកឡើងផងដែរថា ប៉ុន្មានឆ្នាំមុននេះ មានគ្រូពេទ្យម្នាក់បានចុះទៅធ្វើការ អង្កេតស្រាវជ្រាវអំពីតម្លៃសម្ភារៈ បរិក្ខារពេទ្យបានឲ្យដឹងថា ក្រសួងសុខាភិបាល បានបញ្ជាទិញសម្ភារៈ សម្រាប់ដាក់ថ្នាំសណ្តំ ដែលមានតម្លៃខ្ពស់ៗមួយចំនួន ដែលគ្មានគ្រូពេទ្យណាម្នាក់ ចេះប្រើប្រាស់ ហើយក៏យកទៅទុកចោល រាប់សិបគ្រឿង ខាតបង់ថវិកាជាតិ ឥតប្រយោជន៍។ ចំពោះការបញ្ជាទិញឱសថ សេរ៉ូម និងសម្ភារៈខ្លះៗ ត្រូវធ្វើឡើងតាមនីតិវិធីដេញថ្លៃ តែរបស់ទាំងនោះមានតម្លៃ លើសពីការទិញក្នុងតម្លៃធម្មតា ១ជា៤ ឬ៦ ដងឯណោះ ដែលជាការបំផ្លាញថវិកាជាតិ គួរតែអង្គភាពប្រឆាំង អំពើពុករលួយធ្វើការស្រាវជ្រាវ បញ្ហាអស់ទាំងនេះឡើងវិញជាបន្ទាន់ ជាពិសេសក្រុមលទ្ធកម្ម ដែលមានក្រុមមន្ត្រីសំខាន់ៗចំនួន ៣ នាក់ ក្តោបក្តាប់ការងារ ពួកគេអាចធ្វើអ្វីៗ តាមតែអំពើចិត្ត។
ក្រុម លទ្ធកម្មនេះផងដែរ ក៏បានឃុបឃិតជាមួយ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងអនុវត្តន៍តាមបទបញ្ជា របស់លោក ម៉ម ប៊ុនហេង ដូចជាការយកថ្នាំ ខូចគុណភាពមកប្រើប្រាស់ បែងចែកទៅតាមមន្ទីរពេទ្យ ដោយគ្រាន់តែទិញកេសថ្មី កែប្រែកាលបរិច្ឆេទ ផុតកំណត់ប្រើប្រាស់ ហើយបញ្ហានេះត្រូវបានស្រាវជ្រាវ កាលពីឆ្នាំ២០០៣ ម្តងរួចមកហើយ ដែលពេលនោះរកឃើញ ប្រភេទថ្នាំជាច្រើន ដែលក្រុមលទ្ធកម្ម បានត្រូវដៃត្រូវជើងឃុបឃិត ជាមួយក្រុមហ៊ុនឯកជន ដែលម៉ៅការផ្គត់ផ្គង់ ថ្នាំពេទ្យទាំងនោះតាមរបៀបផ្តាច់មុខ បើទោះបីជាក្រុមហ៊ុនទាំងនោះ មិនបានអនុវត្តន៍កិច្ចសន្យា ឲ្យបានត្រឹមត្រូវក៏ដោយ។ ដូចជាពេលខ្លះធ្វើឲ្យដាច់ស្តុក គ្មានសម្ភារៈបរិក្ខារ ឬថ្នាំពេទ្យសម្រាប់ប្រើប្រាស់ ហើយពេលខ្លះទៀត គ្រួសារអ្នកជំងឺ ដែលត្រូវការថ្នាំមួយចំនួន ជាចាំបាច់នៅតាមមន្ទីរពេទ្យរដ្ឋគ្មានទេ បែរជាមានលក់នៅតាមទីផ្សារ យ៉ាងអនាធិបតេយ្យ។
ដូចជាករណីថ្នាំជំនួយ សម្រាប់ការព្យាបាលជំងឺរបេង ឬជំងឺរ៉ាំរ៉ៃជាច្រើនប្រភេទទៀត នៅពេលដាច់ស្តុក គ្រួសារអ្នកជំងឺ ត្រូវចំណាយលុយទៅទិញ តាមទីផ្សារក្នុងតម្លៃថ្លៃ ហើយថ្នាំទាំងនោះ ក៏មានបិទស្លាកហាមលក់ដូរផងដែរ ព្រោះជារបស់ជំនួយ ហើយគ្រួសារខ្លះទៀត ដែលគ្មានលុយទិញថ្នាំ ត្រូវលាប់ឡើងវិញ ឈឺកាន់តែធ្ងន់។ រឿងអាស្រូវដ៏សំខាន់មួយទៀតនោះ គឺក្នុងក្រសួងសុខាភិបាលទាំងមូល ពោរពេញដោយអំពើបក្ខពួកនិយម ការជិះជាន់សង្កត់សង្កិនមន្ត្រីតូចតាច ដូចជាអំពើពុករលួយ ក្នុងពេលប្រឡងចូលក្របខ័ណ្ឌ មានប្រភពខ្សឹបខ្សៀវមួយចំនួន បានបង្ហើបឲ្យដឹងថា មានការសូកប៉ាន់ចាប់ពី ៥ពាន់ដល់៨ ពាន់ដុល្លារអាមេរិក ហើយអ្នកដែលមិនចេះអ្វីសោះ ក៏អាចប្រឡងជាប់ដែរ ឲ្យតែមានលុយសូកប៉ាន់។
ចំណែកឯក្រុមនិស្សិត ដែលមានសមត្ថភាព មិនដែលប្រឡងជាប់ទេ ហើយធ្វើឲ្យគុណភាព សេវាកម្មនៃវិស័យសុខាភិបាល នៅក្នុងប្រទេសកម្ពុជា កាន់តែធ្លាក់ទឹក ធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿ ពេលមានជំងឺម្តងៗនាំគ្នា ចេញទៅព្យាបាលនៅ ស្រុកយួនស្រុកសៀម ដែលមានប្រសិទ្ធភាព និងចំណាយលុយអស់តិចជាង។ ជាពិសេសគ្រួសារ អ្នកមានលុយមានអំណាច សូម្បីតែឈឺផ្តាសាយ ឬមានអាការៈមិនស្រួលខ្លួន តែងតែចំណាយលុយ ចេញទៅពិនិត្យព្យាបាលជំងឺនៅស្រុកយួន ស្រុកសៀម ឬសិង្ហបុរីជាទៀងទាត់។ មន្ត្រីមួយចំនួនបានបង្ហើបឲ្យដឹងទៀតថា ការបណ្តុះបណ្តាលនិស្សិតពេទ្យ នៅសាលាក្រហមកាលពីមុនមានគុណភាពល្អណាស់ ប៉ុន្តែក្រោយមកមានការបំផ្លាញ ភាពរីកចម្រើនរបស់រដ្ឋ ឲ្យធ្លាក់ទឹក ធ្វើយ៉ាងណាឲ្យ ក្រុមនិស្សិតធុញទ្រាន់ ហើយងាកទៅរៀន តាមសាលាឯកជន។
អាណាព្យាបាល និស្សិត មួយចំនួនបានចំអកថា សាលាក្រហមឥឡូវនេះ បានក្លាយជាសាលាពណ៌ពងក្រសា វាខុសពីពណ៌ដើម ប្រែក្លាយទៅជាបង្រៀនសិស្សមិនចេះ ធ្វើឲ្យការបណ្តុះបណ្តាល ធនធានគ្រូពេទ្យ ពីមានគុណភាព ទៅជាអន់ខ្សោយ កម្សុយផុតលេខ។ មានបាតុភាពជាច្រើនទៀត ដូចជា គ្រូពេទ្យមួយចំនួន ត្រូវបានគេគំរាមដាក់កំហិត ឲ្យធ្វើការតែមួយកន្លែង គឺនៅផ្នែករដ្ឋឬឯកជន ប៉ុន្តែសម្រាប់បក្ខពួកឬជាសែស្រឡាយរបស់លោក ម៉ម ប៊ុនហេង ចង់ធ្វើការប៉ុន្មានកន្លែងក៏បាន មិនដែលចូលប៊ុយរ៉ូធ្វើការសោះ មានប្រាក់ខែបើកទៀងទាត់ ជារៀងរាល់ខែ។ មន្ត្រីជាច្រើន រួមទាំងគ្រូពេទ្យផងដែរ ដោយសារតែពួកគាត់ ស្អប់ខ្ពើមការដឹកនាំមិនត្រឹមត្រូវ ពោរពេញដោយភាពអសកម្ម របស់លោក ម៉ម ប៊ុនហេង ដែលគ្មានការកែទម្រង់ ក៏ស្អប់លេខ៤ ហើយក៏នាំគ្នាទៅគាំទ្រលេខ៧ សឹងអស់ទៅហើយ៕