ខេត្តកំពង់ធំ ៖ កាលពីព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៣នៅចំណុចសាលារៀន ភូមិអង្គរសែនជ័យ ឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ មន្ត្រីកងរាជអាវុធហត្ថស្រុកសណ្តាន់ឈ្មោះ សានដឿន ដែល ជាPMទំនើងអាងបាញ់ កាប់ចាក់ នោះបានបាញ់គំរាមប្រជាពលរដ្ឋដែលកំពុងតែសាងសង់សាលារៀនដើម្បីឲ្យកូនចៅរៀនសូត្រ ព្រមទាំងចាប់បុរសពិការជើងដាក់ខ្នោះបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថស្រុកសណ្តាន់ បានបង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋពេញស្រុកដែល និងទទួលការរិះគន់សព្វបែបយ៉ាងហើយមកដល់ពេលនេះថ្នាក់លើមិនទាន់មានវិធានការចំពោះលោកសាន ដឿន ដែលជាPMទំនើងអាងបាញ់កាប់ចាក់នោះបានបាញ់គំរាមប្រជាពលរដ្ឋ ព្រមទាំងចាប់បុរសពិការជើង ដាក់ខ្នោះបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថស្រុកសណ្តាន់នោះនៅឡើយទេ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានអោយដឹងថាថានៅថ្ងៃកើតហេតុប្រជាពលរដ្ឋនៅក្នុងភូមិចំនួន៦ទៅ៧នាក់ បាននាំគ្នាទៅជួសជុលសាលារៀន ដែលបានសាងសង់រយៈពេលជាងមួយឆ្នាំមានការធ្លុះធ្លាយ រួចក៏បាននាំគ្នាជួសជុលសាលាដើម្បីកូនចៅបានចូលរៀនស្រួល ព្រោះវាធ្លុះធ្លាយពេលកំពុងជួសជុលស្រាប់តែ លោក សាន ឌឿន ជាមន្ត្រីកងរាជអាវុធហត្ថស្រុកសណ្តាន់ បានចេញមកឈ្លោះឡូឡារបៀបមនុស្សព្រៃទំនើង សំឡុតគំរាមកំហែងប្រជាពលរដ្ឋ ថែមទាំងបានចាប់ម៉ាស៊ីនអាក្តារ ធ្វើសាលារៀនបស់ប្រជាពលរដ្ឋទុកមិនឲ្យជួសជុលសាលា ក្រោយមកក៏មានការឈ្លោះប្រកែកគ្នាយ៉ាងតឹងតែងហើយលោក សាន ឌឿន បានបាញ់គំរាមចំនួន ៣ គ្រាប់មកលើប្រជាពលរដ្ឋដែលកំពុងជួសជុលសាលាមានបាតដៃ ទទេ រួចចាប់ ជាជនពិការជើង និងជាអតីតមន្ត្រីយោធាចូលនិវត្តន៍ឈ្មោះ ហ៊ុន ធី ដាក់ខ្នោះបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថស្រុកសណ្តាន់ខេត្តកំពង់ធំដោយមិនដឹងមូលហេតុដែលអ្នកឃើញហេតុការណ៍នោះចាត់ទុកវាជាអំពើព្រៃផ្សៃណាស់ដែលសមត្ថកិច្ចកម្លាំងប្រដាប់អាវុធរបស់ជាតិប្រើច្បាប់ព្រៃអាងអំណាច អាងកាំភ្លើងចាប់ប្រជាពលរដ្ឋស្លូតត្រង់។
ប្រភពព័តមានបានបន្តទៀតថា លុះមកដល់ទីបញ្ជាការកងរាជអាវុធហត្ថស្រុក ជនរងគ្រោះបានទូរស័ព្ទហៅប្រពន្ធឲ្យមកជួបជាបន្ទាន់ ដើម្បីដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចតាមផ្លូវច្បាប់ដើម្បីរកយុត្តធម៌ តែត្រូវបានលោក សាន ឌឿន ដែលទំនើងជាមន្ត្រីកងរាជអាវុធហត្ថស្រុកសណ្តាន់ អាងអំណាច អាងកាំភ្លើង អាងបាញ់កាប់ចាក់ព្រមានថា ហ៊ានដាក់ពាក្យបណ្តឹងនឹងបញ្ជូនឈ្មោះ ហ៊ុន ធី ជាជនពិការជើងមកខេត្តកំពង់ធំ។
លោក សាន ឌឿន ជាមន្ត្រីកងរាជអាវុធហត្ថ ស្រុកសណ្តាន់ឈរជើងនៅអូរធំ ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ខាងលើសារពត័មានកំណើថ្មីមិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ។ ករណីខាងលើគេមិនទាន់ដឹងថាលោក លក វង្ស មេបញ្ជាការកងរាជអាវុធហត្ថស្រុកសណ្តាន់និង លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំដែលជាថ្នាក់លើរបស់ លោក សាន ឌឿន និងមានវិធានការណ៍បែបណាចំពោះលោកសាន ដឿន ដែលបានបាញ់បោះសេរី គឺបាញ់គំរាមចំនួន៣គ្រាប់មកលើប្រជាពលរដ្ឋ ដែលកំពុងជួសជុលសាលារៀនមានបាតដៃ ទទេ រួចចាប់ប្រជាពលរដ្ឋ ជាជនពិការជើង និងជាអតីតមន្ត្រីយោធាចូលនិវត្តន៍ឈ្មោះ ហ៊ុន ធី ដាក់ខ្នោះនោះ។ ហើយករណីបាញ់បោះសេរីនិងចាប់ប្រជាពលរដ្ឋដាក់ខ្នោះខាងលើប្រជាពលរដ្ឋរស់នៅស្រុកសណ្តាន់ចង់ឃើញមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេសស្រាវជ្រាវនិងត្រួតពិនិត្យមានវិធានការណ៍ជនប្រព្រឹត្តខុសច្បាប់នោះផងបើពុំនោះទេប្រជាពលរដ្ឋលោកមិនអស់ចិត្តទេ៕