សហរដ្ឋអាមេរិក ៖ ក្មេងស្រីម្នាក់ឈ្មោះ Katie Renfroe អាយុ ៤ ឆ្នាំ មកពី Paxton, Florida (សហរដ្ឋអាមេរិក) កើតមកនាំយកជាមួយអការរោគឥតរបៀបរៀបរយនៃហ្សែន ដែលត្រូវបានគេហៅថា Megalencephaly (ជំងឺខួរក្បាលដ៏ធំ) ដែលធ្វើឲ្យមុខមាត់ចម្លែកខុសធម្មតា។ ម្តាយនាងឈ្មោះ Angie Renfroe បាននិយាយថា ជំងឺនេះក៏បានធ្វើឲ្យកូនស្រីរបស់គាត់មានអាការប្រកាច់ ៥០ លើក/ថ្ងៃ ផងដែរ។ នេះបើយោងតាមគេហទំព័ររបស់អង់គ្លេស dailymail.co.uk។
នាងបន្តថា “អ្វីៗដែលយើងធ្វើ គឺបញ្ជាក់ពីសេចក្តីអាណិតស្រឡាញ់ Katie និងថែរក្សានាងជារៀងរាល់ថ្ងៃ។ នៅពេលខ្ញុំមានផ្ទៃពោះខែទី៣ ពេលទៅពិនិត្យពោះ គ្រូពេទ្យបានប្រាប់ថា គ៌ភមានភាពមិនប្រក្រតី ហើយក៏ត្រូវបានធ្វើរោគវិនិច្ឆ័យមុនពេលកើត ដោយរកឃើញថា មានរោគសញ្ញា Megalencephaly”។
ទោះជាយ៉ាងណា គ្រួសារដែលរស់នៅក្នុងតំបន់ជនបទ នាង Angie និងប្តី មិនបានយល់ជាមុនពីហេតុផលដែលរោគសញ្ញានេះបង្កឡើងនោះទេ។ ប៉ុន្តែពេលកើតបានរយៈពេល ២ ខែ នាងបានប្រែក្លាយថ្ពាល់រីកធំ ត្រចៀកស្លាប់មិនឮ និងមាត់យារធ្លាក់ចេញអណ្តាតគួរឲ្យខ្លាច។ Katie គឺជាកូនទី៦ ក្នុងចំណោមកូន ៨ នាក់។ Katie ក៏ត្រូវបានគ្រូពេទ្យព្យាបាលយកចេញផ្នែកមួយនៃខួរក្បាល ខណៈនាងនៅវ័យខ្ចី ដើម្បីអាចគ្រប់គ្រងអាការ “ប្រកាច់” ៥០ លើក/ថ្ងៃនោះផងដែរ។
កាលពីថ្ងៃអង្គារសប្តាហ៍មុនគ្រួសាររបស់ Angie បានធ្វើដំណើរទៅកាន់ Hollywood, Florida ដែលជាកន្លែងវះកាត់មួយ គឺនៅមន្ទីរពេទ្យ Memorial Hospital ហើយនៅទីនោះ គឺជាការអនុវត្តន៍ការការវះកាត់លើកដំបូងសម្រាប់ Katie ផងដែរ។ ពួកគេនឹងកាត់បន្ថយថ្ពាល់ដែលរីកធំ វះកាត់ត្រចៀកដែលស្តាប់លែងឮ និងធ្វើឲ្យអណ្តាតដែលខុសប្រក្រតីនៅក្នុងមាត់ត្រឡប់មកធម្មតាវិញ។ ក្រុមគ្រូពេទ្យសង្ឃឹមថា បន្ទាប់ពីការវះកាត់ ក្មេងស្រី Katie នឹងអាចឈររឹងមាំវិញបាន៕