ខេត្ដកំពង់ចាម ៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនមកតុលាការ បន្ទាប់ពីប្រើអំពើហិង្សាក្នុងគ្រួសារ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ និងបានគំរាមកំហែងកាប់សមត្ថកិច្ច ខណៈដែលសមត្ថកិច្ចទៅជួយអន្ដរាគមន៍។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចភូមិ អង្គ ឃុំត្រញំងគ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ។
ជនសង្ស័យបានបំផ្លិច បំផ្លាញទ្រព្យសម្បត្ដិ និងបានគំរាមកំហែងកាប់មកលើសមត្ថកិច្ចដែលបង្កឡើងដោយជនសង្ស័យឈ្មោះម៉េង ឈឿន អាយុ៤៦ឆ្នាំ មានទីលំនៅភូមិឈូកស ឃុំបឹងណាយ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ។
តាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានមកផឹកស៊ីនៅផ្ទះប្រពន្ធចុងឈ្មោះ គាន អូន ហើយព្រោះតែខឹងនឹងប្រពន្ធមិនព្រមធ្វើសរសៃឲ្យ ក៏ចាប់ឪទិនស្រា កែវស្រា និងចានបោកកម្ទេចចោល ហើយនៅពេលដែល សមត្ថកិច្ចចុះធ្វើអន្ដរាគមន៍ជនសង្ស័យបានយកពូថៅគំរាមកាប់ទៅលើសមត្ថ កិច្ចថែមទៀត ។ ផ្អែកតាមបណ្ដឹងស្ដ្រី គាន អូន ជាប្រពន្ធចុងឱ្យដឹងថា នៅថ្ងៃខាងលើជនសង្ស័យដែលត្រូវជាប្ដីចុងរបស់ខ្លួនបានមកផឹកស៊ីនៅនឹងផ្ទះ ហើយក៏មានទំនាស់ ពាក្យសម្ដីបន្ដិចបន្ដួចពីរឿង ព្រោះនាងមិនព្រមធ្វើសរសៃឱ្យ ។ ពេលនោះជនសង្ស័យបានបោកកែវស្រាកម្ទេចអស់ចំនួន២ រួចធាក់ឪទិនស្រាបណ្ដាលឱ្យ កំពប់អស់៥លីត្រ ។ បន្ទាប់មកជន សង្ស័យបានយកពូថៅវាយខ្ទះ និងចាន សាច់ក្លែម គ្រានោះនាងបានទូរស័ព្ទប្ដឹង សមត្ថកិច្ច ហើយពេលសមត្ថកិច្ចមក ដល់និយាយណែនាំ ជនសង្ស័យមិនត្រឹម តែមិនស្ដាប់នោះទេ ថែមទាំងស្ទុះទៅ យកពូថៅយារកាប់លើសមត្ថកិច្ចទៀតផង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចាប់ និងបញ្ជូនខ្លួនចនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃដើម្បីកសាង សំណុំរឿងបញ្ជូនមកតុលាការពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ និងគំរាមកំហែងកាប់សមត្ថកិច្ច ៕