ខេត្តបាត់ដំបង ៖ សំឡេងភ្លេងការបានបន្លឺឡើងនៅភូមបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មិនបានប៉ុន្មានផងក៏បានរលត់ទៅវិញក្រោយការអន្តរាគមន៍ពីសំណាក់អាជ្ញាធរតាមសំណើររបស់ភាគីស្ត្រីម្នាក់ដែលអះអាងថា ប្រពន្ធដើមបានបីកូនស្រីអាយុ១ឆ្នាំ មកអុកឡុកពិធីមង្គលការរបស់ប្តីដើមជាមួយកូនក្រមុំថ្មីអាយុ១៦ឆ្នាំ បន្ទាប់ពីដឹងព័ត៌មានតាមការបង្ហោះក្នុងFacebook មួយ ។ ព័ត៌មាននេះជារឿងដ៏មានប្រជាប្រិយបំផុតដែលគេហទំព័រ និងបណ្តាញសង្គមហ្វេសប៊ុកដែលជាប្រព័ន្ធចែកចាយបន្តគ្នា ក្នុងប្រព័ន្ធអនឡាញ ។
ស្ត្រីឈ្មោះ គិត សិរីផលិ្លកា អាយុ២៧ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ រស់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលអះអាងថា ជាប្រពន្ធដើមរបស់បុរសឈ្មោះ ប៉ាង ថ្លៃថ្លា អាយុ៣៣ឆ្នាំ បានរៀបរាប់ឲ្យដឹងថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ នាងបានមើលតាមFacebook ឃើញកូនក្រមុំថ្មីឈ្មោះ ឆ.ស.ជ.ត អាយុ១៦ឆ្នាំ បង្ហោះរូបភាពនិងជូនដំណឹងអំពីគម្រោងរៀបការជាមួយប្តីរបស់ខ្លួនឈ្មោះ ប៉ាង ថ្លៃថ្លា មានស្រុកកំណើតនៅខេត្តស្វាយរៀង ហើយបច្ចុប្បន្នរស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ បន្ទាប់ពីបានដឹងព័ត៌មាននេះហើយ នាងជាប្រពន្ធដើមបានដាក់ពាក្យបណ្តឹងមកអាជ្ញាធរមូលដ្ឋានស្នើសុំផ្អាក ពិធីរៀបមង្គលការនោះសិន ពីព្រោះសំណុំរឿងលែងលះគ្នាជាមួយប្តីកាលពីឆ្នាំ២០១០មិនទាន់ដាច់ស្រេច ។
ដោយឡែកបុរសឈ្មោះ ប៉ាង ថ្លៃថ្លា ជាភាគីខាងប្តី មានមុខរបរជាវេជ្ជបណ្ឌិត បានបញ្ជាក់ថា លោកបានលែងលះជាមួយប្រពន្ធដើមឈ្មោះ គិត សិរីផល្លិកា កាលពីឆ្នាំ២០១០ និងតុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញសាលក្រមចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ដោយវិនិច្ឆ័យឲ្យកូនស្រីឈ្មោះ ប៉ាង ប៉លី ទៅភាគីម្តាយនិងបង្គាប់ឲ្យលោកបង់ថ្លៃអាហារកិច្ចឲ្យទៅកូនស្រី រហូតដល់អាយុ១៨ឆ្នាំ ។ រីឯ ការរៀបអាពាហ៍ពិពាហ៍ថ្មីរបស់លោកនេះ គឺលោកបានសុំច្បាប់ទម្លាប់ត្រឹមត្រូវរួចហើយ ។
រីឯ ក្រុមគ្រួសារខាងកូនក្រមុំ ដែលត្រូវបានប្រពន្ធដើមមកអុកឡុកដល់រោងការនោះ មានបំណងចង់ប្តឹងទៅលើនាង គិត សិរីផល្លិកា ដែលជាប្រពន្ធដើមធ្វើឲ្យប៉ះពាល់ដល់កិត្តិយសក្រុមគ្រួសារកូនក្រមុំ ថ្មីថ្មោង ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺអាជ្ញាធរបានអនុញ្ញាតឲ្យភាគីខាងកូនក្រមុំវ័យក្មេង ដែលស្ថិតនៅក្នុងភាពអនីតិជន ឬមានអ្វីដែលនៅពីក្រោយរឿងនេះ ៕