រាជធានីភ្នំពេញ ៖ ជនជាតិវៀតណាម និងជនជាតិខ្មែរបានសហការគ្នាធ្វើសកម្មភាពលួចយកកាបូបស្ពាយពីជនជាតិវៀតណាម ខណៈដែលទើបតែស្គាល់គ្នា ហើយបបួលគ្នាផឹក ។ ការបន្លំលួចនេះកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុច ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ។ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យទាំង២នាក់ នេះបានកាលវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៣ ពោលគឺក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ។
ជនសង្ស័យដែលត្រូវចាប់ឃាត់ខ្លួនមានឈ្មោះ យឿន ប្រុស ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិវៀតណាម មានទីលំនៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅទី២ ខណ្ឌមានជ័យ និងម្នាក់ទៀតឈ្មោះ តឹក ចំរើន ភេទប្រុស អាយុ២១ ឆ្នាំ ទើបនឹងចេញពីពន្ធនាគារបាន៥ខែ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមកពីប្រទេសវៀតណាម ហើយមកផឹក ស៊ីជាមួយជនសង្ស័យនៅចំណុចកើតហេតុពេលកំពុងផឹកស៊ីគ្រានោះជនសង្ស័យ ឈ្មោះ យឿន បានឱ្យជនសង្ស័យម្នាក់ទៀតមកឆក់យកកាបូបស្ពាយរបស់ជនរងគ្រោះរួចរត់គេចខ្លួន ។ ក្រោយពីធ្វើសកម្មភាពជនរងគ្រោះបានដាក់ ដាក់ពាក្យបណ្ដឹងហើយសមត្ថកិច្ចក៏បានប្រើប្រាស់ជំនាញស្រាវជ្រាវចាប់បាន ជនសង្ស័យទាំង២នាក់ដកហូតបានកាបូបស្ពាយ និងប៉ាស្ព័ររបស់ជនរងគ្រោះមកវិញ សម្ភារបាត់បង់រួមមានលុយ៥០០ដុល្លារ លុយវៀតណាមចំនួន៦,៥លានដុង និងលុយខ្មែរ៨០ម៉ឺន រៀល ។
ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថ កិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាល ខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងទៅតុលាការ ៕