រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកាលពីវេលា ម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅតាមបណ្ដោយផ្លូវលេខ១០១៩ កែង ផ្លូវលេខ១៩៨៧ ឋិតក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្តាលឲ្យនិស្សិតស្រីម្នាក់បានរងរបួសបាក់កជើងឆ្វេងដោយសារត្រូវរថយន្ដបុកពេញទំហឹង ។
ជនរងគ្រោះមានឈ្មោះ អ៊ូច សុខា អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៣ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិក្រាំងលើ ឃុំក្រាំងលើ ស្រុកបន្ទាយមាស ខេត្ដកំពត ជិះម៉ូតូម៉ាកគុប៩០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ-៩៩៨៥ ភព១ ។ ចំណែករថយន្ដបង្កម៉ាកឡង់គ្រីស័រ ពណ៌ស្ករ ពាក់ ស្លាកលេខភ្នំពេញ 2D-3172 បើកបរ ដោយឈ្មោះ ប៉ុក ចាន់ធី ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរម៉ៅការសំណង់ ស្នាក់នៅផ្ទះលេខ៣១Z ផ្លូវលេខ២៧១ សង្កាត់បឹង សាឡាង ខណ្ឌទួលគោក ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម្នាក់ឯង តាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្ដឡង់គ្រីស័រ ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៨៧ ក្នុងទិសដៅពីកើតទៅលិច បានមកបុកម៉ូតូរបស់ជនរងគ្រោះបណ្ដាលឱ្យបាក់កជើងខាងឆ្វេង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចធ្វើការចុះវាស់វែង និងយករថយន្តបង្ក ព្រមទាំងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋហៅរថយន្ដសាមុយដឹកជនរងគ្រោះទៅព្យាបាល៕