រាជធានីភ្នំពេញ ៖ បុរសម្នាក់បានធ្លាក់ពីលើរថយន្តកុងតឺន័រមួយគ្រឿងដោយមិនដឹងមូលហេតុបណ្តាលឱ្យសន្លប់ស្តូកស្តឹងនៅកណ្តាលផ្លូវមុខសាលាបឋមសិក្សា ហ៊ុន នាង បឹងត្របែកខាងត្បូងតាមផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីវេលាម៉ោង២២នឹង៣០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ។ ជនរងគ្រោះដែលធ្លាក់នោះមានឈ្មោះ សុខ វណ្ណ ភេទប្រុស អាយុ ២៨ ឆ្នាំ ហើយនៅជាប់នឹងខ្លួនបុរសដែលធ្លាក់ពីលើរថយន្តកុង តឺន័រនោះមានអត្តសញ្ញាណបណ្ណឈ្មោះសុខ វណ្ណ អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤០E1 ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន មានស្រុកកំណើតនៅជំរុំស្រះកែវ ប្រទេសថៃ និងមានកាតជាមន្ត្រីប៉ូលិសអន្តោប្រវេសន៍។
សាក្សីឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងធ្វើដំណើរពីកើត ទៅលិច ខណៈមកដល់ចំណុចខាងលើមិនដឹងជាបុរសនេះអង្គុយនៅខាងមុខរថយន្ត ឬខាងក្រោយរថយន្តទេ បានធ្លាក់ពីលើរថយន្តដេកផ្កាប់មុខសន្លប់ស្តូកស្តឹងនៅកណ្តាល ផ្លូវចំណែករថយន្តកុងតឺន័រនោះមិនដឹងថា មានមនុស្សធ្លាក់ពីលើរថយន្តឬអត់ទេ បានបើកទៅមុខបាត់។
ក្រោយកើតហេតុអ្នកឃើញហេតុការណ៍បានទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដឹកទៅព្យាបាល៕