ដោយសារ​អំណាច​នៃ​គ្រឿង​ស្រវឹង ធ្វើ​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់​រងរបួស​ស្រាល

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង និង​ម្នាក់ទៀត​បាន​រងរបួស​ស្រាល ខណៈដែល​រថយន្ត​បង្ក​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង​ជោក ។ ហេ​តុ​កា​រណ៍​​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​កាល​វេលា​ម៉ោង​១០ និង​២០​នាទី​យប់ ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

 

​ជនរងគ្រោះ​ដែល​ស្លាប់​នោះ​មានឈ្មោះ ឯម ម៉ៅ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មានមុខរ​បរជា​អ្នកបើកបរ​រថយន្ត រស់នៅ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ជនរងគ្រោះ​ម្នាក់ទៀត​ដែល​រងរបួស​ស្រាល​មានឈ្មោះ ចន្ទ រិទ្ធី ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ម្តុំ​វត្ត​សន្សំ​កុសល ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកមាស គ្មាន​ស្លាក បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ លាង សុផល អាយុ​៣១​ឆ្នាំ ជា​មន្ត្រីរាជការ​នៅ​ក្រសួង​ការងារ  ។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ​គ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1M-9210 ក្នុងទិសដៅ ពី​លិចទៅ​កើត ។ លុះដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ បើក​រេ​ពេញ​ផ្លូវ​ជ្រុល​ទៅបុក​ម៉ូតូ​របស់គេ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ប៉ើង​ខ្ទាត​ចេញពី​ម៉ូតូ​ជាច្រើន​ម៉ែត្រ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ។ ចំណែក​រថយន្ត​បង្ក​មិន​ព្រម​ឈប់​ទេ បាន​ព្យាយាម​បើក​រត់គេច​ក៏​ជ្រុល​ចង្កូត​ទៅ​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ អាល់​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AH-4569 ដោយ​កៀប​ជាប់​ក្រោម រថយន្ត​អូស​ជាង​៥០០​ម៉ែត្រ ប៉ុន្តែ​សំណាងល្អ​ណាស់​ម្ចាស់​ម៉ូតូ​រងគ្រោះ លោត​ចេញពី​ម៉ូតូ​ទាន់ បណ្តាល​ឲ្យ​រលាត់​ដៃជើង​បន្តិចបន្តួច ។​

 

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ ទៅ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ជនបង្ក​យកមក​កាន់​ប៉ុស្តិ៍​ដើម្បី​សាកសួរ ។ ពេល​នគរបាល​ឃាត់​ជនបង្ក​ទៅដល់​ប៉ុស្តិ៍នគរបាល ដើម្បី​សាកសួរ​បែរជា​ជនបង្ក​សួរ​នគរបាល​វិញ និង​ប្រើពាក្យ​អសុរោះ ព្រមទាំង​ជេរប្រមាថ មាក់ងាយ​ដល់​នគរបាល​ប៉ុស្តិ៍​យ៉ាង​ចាស់ដៃ ព្រោះតែ​អំណាច​នៃ​ភាពស្រវឹង​របស់គេ​បាន​បញ្ចេញ​ចរិត​កោងកាច ច្រ​ងែ​ង​ច្រងាង​នៅក្នុង​ប៉ុស្តិ៍នគរបាល ។​

26-11-2013

​ក្រោយ​កើតហេតុ​សាកសព​ត្រូវប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុតាង និង​ជនបង្ក​ត្រូវ​បញ្ជូនទៅ​អធិការដ្ឋាន រង់ចាំ​ដំណោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published