ប្រទេសកូឡុំប៊ី ៖ មានសេចក្តីរាយការណ៍ពីគេហទំព័រអង់គ្លេស thesun.co.uk បានបញ្ជាក់ថា នាង សានតូស និងអ្នករស់នៅជិតខាងរបស់នាងនៅស្រុក នួយបាអេស្រេ្តយ៉ា តាមមាត់ទន្លេខារីបប៊ីន ភាគខាងជើងនៃប្រទេសកូឡុំប៊ីដែលនៅជាសង្គមដែលគោរពរាប់អានលទ្ធិមន្តអាគមអូមអាមនិងព្រាយបិសាចនៅឡើយនោះកំពុងស្ថិតក្នុងភាពភ័យខ្លាច បន្ទាប់ពីស្ត្រីជាម្តាយម្នាក់បានអះអាងថា កូនង៉ាតូចអាយុ ២ខែរបស់នាងអាចដកដង្ហើមចេញជាអណ្តាតភ្លើងដុតកម្ទេចសម្លៀកបំពាក់និងគ្រឿងសង្ហារិមក្នុងផ្ទះ ហើយមានជួនកាលអាចបន្លឺសំឡេងគ្រលួចដូចសំឡេងបិសាចបានទៀតផង។
មិនតែប៉ុណ្ណោះ នាងថាកូនប្រុសអាយុ ២ ខែនេះ អាចបំបាំងខ្លួនបាត់សូន្យពីផ្ទះរបស់ខ្លួនហើយទៅបង្ហាញខ្លួននៅទីកន្លែងប្លែកៗដូចជាក្នុងកាធុនទឹក ក្នុងទូទឹកកក ម៉ាស៊ីនបោកគក់ ឬអាចក្នុងកាបូបខោអាវក៏មានដែរ។ ទោះជាយ៉ាងណាក៏នាង សានតូស ដែលមានកូនទាំងអស់ ៥នាក់បានប្រាប់ថានឹងចិញ្ចឹមមើលថែកូនតូចនេះឲ្យបានល្អបំផុត សូម្បីនាងមានអារម្មណ៍ភិតភ័យចំពោះ រឿងហេតុអាក្រក់ ដែលនាងជឿថាវាស្ថិតនៅក្នុងខ្លួនកូនតូចរបស់នាងក៏ដោយ។
ទន្ទឹមនឹងនោះ ក៏មានដំណឹងថា ចាប់តាំងពីពាក្យចចាមអារ៉ាមដូចខាងលើល្បីសុសសាយទៅក្រៅ អ្នកភូមិនៅតាមមាត់ទន្លេបានការភ័យខ្លាចចំពោះគ្រួសារនាងហើយតែងតែប្រឆាំងមកលើពួកនាងរហូតដូចជាគ្រវែងដុំថ្ម ជេរប្រទេចផ្តាសា ហើយប្រមូលគ្នាស្នើឲ្យធ្វើពិធីបណ្តេញព្រលឹងអាក្រក់ចេញពីភូមិស្រុកទៀតផង។ ផ្ទុយទៅវិញក៏មានមនុស្សជាច្រើនយល់ថា នាងសានតូស ខំប្រឌិតរឿងមហិទ្ធិឫទិ្ធរបស់កូនង៉ាខ្លួនឡើងដោយមានលាក់បំបាំងនូវគោលបំណងអ្វីមួយផ្សេង៕