ប្រទេសអង់គ្លេស ៖ កាលពីពេលថ្មីកន្លងទៅនេះគេហទំព័ររបស់ប្រទេសអង់គ្លេសឈ្មោះ dailymail.co.uk បានចុះផ្សព្វផ្សាយពីបុរសម្នាក់ឈ្មោះ Garry Turner រស់នៅស្រុក Caistor ប្រទេសអង់គ្លេស ត្រូវបានគេដឹងថា ជាម្ចាស់ដែលមានស្បែកយឺតបំផុតនៅលើពិភពលោកដែលអាចទាញសន្ធឹងយ៉ាងវែងដោយគ្មានការឈឺចាប់នោះឡើយ ។
បុរសអាយុ ៤១ ឆ្នាំ រូបនេះ បានធ្វើឲ្យមនុស្សនៅលើពិភពលោក ជាពិសេសនោះ គឺមហាជនអ្នកលេងអ៊ិនធើរណែត "ស្លុតរន្ធត់" យ៉ាងខ្លាំង ខណៈពេលបានឃើញសកម្មភាពសម្តែងទាញស្បែកមកគ្របលើមាត់ និងច្រមុះរបស់គាត់នោះ ។ ក្នុងឆ្នាំ១៩៩៩ លោក Garry Turner ត្រូវបានកត់ត្រានៅក្នុងសៀវភៅ Guinness ជា "មនុស្សដែលមានស្បែកយឺតបំផុតនៅលើពិភពលោក"។
មិនគ្រាន់តែនៅត្រង់ចង្កា ស្បែកទាំងមូលនៅលើដងខ្លួនរបស់ Garry ក៏ងាយស្រួលក្នុងការទាញពន្លាតក្នុងទម្រង់ណាមួយនោះដែរ ។ យោងតាមសៀវភៅ Guinness ស្បែកនៅលើដើមទ្រូងរបស់ Garry អាចទាញឡើងដល់ទៅ ១៥.៨ សង់ទីម៉ែត្រ ។ ជាមួយតំណែង "ស្បែកដ៏ពិសេស" នេះ ក្នុងពេលប្រកួតនីមួយៗ Garry បានធ្វើឲ្យគណៈមេប្រយោគ និងទស្សនិកជនស្រឡាំងកាំងតែម្តង ដោយសារទេពកោសល្យដូចខ្មោចបិសាចរបស់គាត់ ។
យោងតាមអ្នកជំនាញបានបកស្រាយឲ្យដឹងថា លោក Garry Turner មានប្រជុំរោគសញ្ញាដ៏កម្រមួយដែលគេឲ្យឈ្មោះថា Elhers-Danlos គឺជាភាពគ្មានរបៀបរៀបរយនៃជាលិកាសន្ធានដ៏ចម្លែកមួយនៅក្នុងបំពង់ឈាម ក៏ដូចជាស្បែកនោះ ជាហេតុបង្កឲ្យស្បែករបស់ Garry ក្លាយទៅជាយឺតបែបនេះតែម្តងទៅ ៕