ខេត្តកណ្តាល ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានសម្លាប់បុរសម្នាក់ និង ៣៧ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល ដែលបណ្តាលមកពីរថយន្តដឹកចំណីសត្វរបស់ក្រុមហ៊ុន C.PCambodia បើកបុកជាមួយរថយន្តហ៊ីយ៉ាន់ដាយដឹកកម្មកររោងចក្រកាត់ដេរ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៩ និង៣០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ ឋិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ចំណុចចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិជ្រែមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ អាត ធាវី ភេទប្រុសអាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រមានស្រុកកំណើតនៅភូមិក្បាលកោះ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ចំណែកឈ្មោះ ផែន ភឿន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិចេក ឃុំដូង ស្រុកបាទី ខេត្តតាកែវហ៊ីយ៉ាន់ដាយដឹកកម្មករ បានរងរបួសធ្ងន់ ។
តាមការបកស្រាយរបស់មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តដឹកចំណីសត្វរបស់ក្រុមហ៊ុន C.PCambodia ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខក្រចេះ3A-0137 បើកបរដោយបុរសម្នាក់ក្នុងលឿនតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុរថយន្តបង្កនេះបានរេចង្កូតទៅខាងឆ្វេងដៃឆ្លងផុតគំនូសពុះចែកទ្រូងផ្លូវទៅបុកនឹងរថយន្តដឹកកម្មករម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខច.៣៧០៣.ភព២ ចំពីមុខពេញមួយទំហឹងតែម្តង ។ ក្រោយហេតុដោយឃើញហេតុការណ៍បែបនេះជនបង្កបានបើកទ្វាររថយន្តគេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕