លោក ឱម ស៊ីនួន និង​លោក ម៉ៅ ទ័​រ ប្រើ​តួនាទី​ជា​មន្ត្រី​គយ​ដុះ​ស្លែ​ប្រចាំ​ផ្ទៃ​សមុទ្ទ ប្រមូលប្រាក់​ផ្គាប់ផ្គុន​ថ្នាក់លើ​

, , Leave a comment

​ខេត្តកោះកុង ៖ ទំនិញ​ដែល​នាំចូល​ពី​ប្រទេស​ថៃ ត្រូវ​ស្ថិតក្នុង​ក្រសែភ្នែក​របស់លោក ឱម ស៊ីនួន និង​លោក ម៉ៅ ទ័​រ ដែលជា​មន្ត្រី​គយ​ដុះ​ស្លែ​ប្រចាំ​ផ្ទៃ​សមុទ្ទ ហើយ​ឈរជើង​នៅ​ចំណុច​ច្រក​ប៉ាក់​ខ្លង កន្លែង​ដែលមាន​ការដឹកជញ្ជូន ទំនិញ​ឆ្លងកាត់​មកពី​ប្រទេស​ថៃ យ៉ាង​គគ្រឹកគគ្រេង ព្រោះ​លោក ឱម ស៊ីនួន និង​លោក ម៉ៅ ទ័​រ បាន​ក្តោប​ក្តាប់​មុខសញ្ញា​ក្រុម​ឈ្មួញ​បាន​សព្វគ្រប់​ទាំងអស់​គ្មាន​នរណា​ហ៊ាន​រំលង​មិន​ចូល​បង់លុយ​នោះទេ​។​

 

​ទំនិញ​ទាំងអស់​រាប់ទាំង​ទំនិញ​ខូចគុណភាព​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​ផងដែរ​ត្រូវបាន​ក្រុម​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ​យ៉ាង​គគ្រឹកគគ្រេង​មក​លក់​ចែកចាយ ក្នុងប្រទេស​កម្ពុជា យ៉ាង​អនាធិបតេយ្យ​បំផុត ហើយ​គ្រប់​ទំនិញ​ដែល​នាំចូល​ត្រូវ​ឆ្លងកាត់​ច្រក​ប៉ាក់​ខ្លង នៃ​ខេត្តកោះកុង​ទាំងអស់ ហើយ​នៅ​ទីនោះ​មាន​មន្ត្រី​គយ​ចល័ត ប្រចាំការ​លើ​ផ្ទៃសមុទ្រ​ចំនួន ២ នាក់ គឺ​លោក ឱម ស៊ីនួន និង​លោក ម៉ៅ ទ័​រ ជា​អ្នក​ចាំ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ទាំង​តូច​ទាំង​ធំ យកមក​បែងចែក​លោក ជាប សៅ ដែលជា​ថ្នាក់លើ​របស់​ពួកគេ និង​ទុក​អភិវឌ្ឍន៍​មុខតំណែង ហើយ​គេ​មិន​ច្បាស់​ទេ​ថា តើ​ប្រាក់​ដែល​ប្រមូលបាន យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ទំនិញគេចពន្ធ​តាម​ច្រក​ប៉ាក់​ខ្លង លោក ឱម ស៊ីនួន និង​លោក ម៉ៅ ទ័​រ បែងចែក​ទៅខាង​ណាខ្លះ​ទេ​។​

 

​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​មានរឿង​អាស្រូវ​ដ៏​ធំ​មួយ​ពាក់ព័ន្ធ​ករណី​ដែល​គយ​ចល័ត​ចាប់​ម៉ូតូ​អត់​ពន្ធ​ចំនួន ៩​គ្រឿង ដែល​នាំចូល​ពី​ស្រុក​សៀម ហើយ​ក្រោយមក​ក៏មាន​ការឃុបឃិត​គ្នា​ដោះលែង​ទៅវិញ​យ៉ាង​ស្ងៀមស្ងាត់ ហើយ​គេ​ដឹងថា ម៉ូតូ​គេចពន្ធ​ទាំង ៩ គ្រឿង​នោះ មាន​ម៉ាក​ស្កុប​ពី ៥ គ្រឿង និង​ម៉ាក​ហុងដា ជា​ប្រភេទ​ម៉ូតូ​ធំ​ចំនួន ៤ គ្រឿង​។ ម្ចាស់​ម៉ូតូ​គេចពន្ធ​ទាំង ៩ គ្រឿង​នេះ ត្រូវគេ​ស្គាល់​ឈ្មោះថា តា​ផុ​ក ជា​មេ​ឈ្មួញ​រកស៊ី​នាំចូល ទំនិញគេចពន្ធ​ធំជាងគេ តាម​ច្រក​ចាំ​យាម ខេត្តកោះកុង ព្រោះ​គាត់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ជំនាញ​គយ និង​សមត្ថកិច្ច​នៅ​ទីនោះ ហើយ​ម៉ូតូ​គេចពន្ធ​ទាំង ៩ គ្រឿង​នេះ ត្រូវ​ដឹកជញ្ជូន​យកមក​កាន់​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​គេ​មិនដឹងថា ការដោះលែង​ម៉ូតូ​គេចពន្ធ​ទាំង ៩ គ្រឿង​នោះ មានការ​សម្របសម្រួល​ឲ្យ​តា​ផុ​ក បង់លុយ​ពិន័យ​ប៉ុន្មាន ឬ​គ្រាន់តែ​យកលុយ​ទៅ​ច្រក​ហោប៉ៅ​នោះទេ​។​

 

​យ៉ាងណាក៏ដោយ ស្ទើរតែ​ជា​ទម្លាប់​ទៅហើយ ដែល​តា​ផុ​ក មិនដែល​បង់ពន្ធ លើ​មុខទំនិញ​នាំចូល ដោយ​គាត់​សុខចិត្ត​ទុក​លុយ យកទៅ​បែងចែក​ជំនាញ​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទុក​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ដូច្នេះ​ករណី​ដោះលែង ម៉ូតូ​គេចពន្ធ​ទាំង ៩ គ្រឿង​របស់​តា​ផុ​ក ច្បាស់​ណាស់​ដែលថា មិនមាន​ការបង់​ចូល ជា​ថវិកាជាតិ​នោះទេ គឺ​ប្រាក់​មួយចំនួន​ហូរ​ចូល ហោប៉ៅ​មន្ទីរ​គយ​ពុករលួយ​តែប៉ុណ្ណោះ​។ សូម្បីតែ​កម្លាំងប្រដាប់អាវុធ​មួយចំនួន ដែល​រកស៊ី​នាំចូល ប្រេងសាំង​គេចពន្ធ គ្រឿង​ចាប់ហួយ​ចម្រុះ ក៏​សុទ្ធតែ​ជាប់​កាតព្វកិច្ច ចូល​បង់លុយ ឬ​ជូនដំណឹង​ជាមុន ដល់​លោក ឱម ស៊ីនួន និង​លោក ម៉ៅ ទ័​រ ផងដែរ ដើម្បី​ចៀស​ផុតពី​ការបង្ក្រាប​។ មាន​ប្រភេទ​ទំនិញ​ច្រើនណាស់ ដែល​ក្រុម​ឈ្មួញ​កំពុងតែ សុខ​ស្រួល​ក្នុងការ​នាំចូល តាម​ច្រក​ប៉ាក់​ខ្លង ដោយមាន​ការជួយ សម្របសម្រួល​ពី​ជំនាញ​គយ នៅ​ចំណុច​ព្រំដែន ដូចជា​ចំណីអាហារ​ខូចគុណភាព ជង្គង់​មាន់ ប្រហិត គ្រប់​ប្រភេទ ហើយ​ទំនិញ​ខ្លះទៀត​ជា ប្រភេទ​ទំនិញ​ខុសច្បាប់ ត្រូវបាន​ក្រុម​ឈ្មួញ លួច​នាំចូល​ដោយ​បំពាន លើ​សិទ្ធិផ្តាច់មុខ​របស់ ក្រុមហ៊ុន​ស្របច្បាប់​។ ដូចជា​គ្រឿងបន្លាស់​រថយន្ត សម្បក​កង់ឡាន ទូរស័ព្ទ​ទំនើបៗ​ក៏ត្រូវ​បាន​នាំចូល​តាម ច្រក​ប៉ាក់​ខ្លង​នេះ​ផងដែរ ឲ្យ​តែ​និយាយ​ត្រូវ​ជាមួយ​លោក ឱម ស៊ីនួន និង​លោក ម៉ៅ ទ័​រ ចង់​ធ្វើ​អ្វី​ក៏បាន​ដែរ​។​

23-11-2013

​គេ​ចង់ឃើញ​អគ្គនាយក គយ​និង​រដ្ឋាករ ជាពិសេស​រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ពិនិត្យមើល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​ខូចគុណភាព ដែល​កំពុង​ហូរ​ចូល​ប្រទេស​កម្ពុជា យ៉ាង​អនាធិបតេយ្យ តាម​ច្រក​ប៉ាក់​ខ្លង​ឡើងវិញ​ផង ដើម្បី​ទប់ស្កាត់​ក្រុម​ឈ្មួញ​ខិលខូច ដែល​តែងតែ​នាំចូល​ទំនិញគេចពន្ធ បំផ្លាញ​ចំណូល​ថវិកាជាតិ​។ រាជរដ្ឋាភិបាល​បាន​អួតអាង អំពី​ការកែទម្រង់​ហើយ​ទុកពេល ៦០ ថ្ងៃ​ឲ្យ​ជំនាញ​គយ​កែទម្រង់ ឬ​ដុះក្អែល​ខ្លួនឯង​ឲ្យ​ល្អ​ស្អាត ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មិនទាន់​ឃើញ​មាន​អ្វី ជា​ដុំកំភួន​នៅឡើយ​ទេ ព្រោះ​ទំនិញគេចពន្ធ កំពុង​បន្ត​ហូរ​ចូល ប្រទេស​កម្ពុជា គ្មាន​នរណា​អើពើ​ទប់ស្កាត់​។ ជាពិសេស​នៅ​ច្រក​ប៉ាក់​ខ្លង​នេះ​តែម្តង គេ​ឃើញតែ​លោក ឱម ស៊ីនួន និង​លោក ម៉ៅ ទ័​រ សប្បាយ​ក្នុង​ការរាប់​ក្បាលទូក យកលុយ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន យ៉ាង​សុខ​ស្រួល​បំផុត​៕

 

Leave a Reply

(*) Required, Your email will not be published