ខេត្ដកណ្ដាល ៖ ភាពមិនទទួលខុសត្រូវនូវរាល់ទង្វើ គឺជាបរិបទដដែលៗសម្រាប់អ្នកមានលុយ មានអំណាច ហើយសម្រាប់ហេតុការណ៍នេះក៏មិនខុសអីរឿងហេតុនៃគ្រោះថ្នាក់ចរាចរណ៍ដទៃនោះដែរ គឺភាគីបង្កបានបើករថយន្តគេច បន្សល់ជនរងគ្រោះដេកយ៉ាងរណូករណែលនៅកន្លែងកើតហេតុ ដែលបណ្តាលមកពីរថយន្ដ ឡិចស៊ីស៥៧០ ពណ៌ខ្មៅ ១គ្រឿងធ្វើឲ្យមនុស្ស ២នាក់បានរងរបួសធ្ងន់ និងស្រាល កាលពីវេលាម៉ោង ៩និង៣០ ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅតាមផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ៣៦-៣៧ ភូមិជ័យឧត្ដម២ ឃុំរោងធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។
ជនរងគ្រោះមានឈ្មោះ ភិន សោភា ភេទស្រី អាយុ ២០ឆ្នាំ មានស្រុកកំណើតនៅភូមិពោធិ៍ ឃុំស្លា ស្រុកសំរោង ខេត្ដតាកែវ រងរបួសធ្ងន់ បាក់ដៃ បាក់ជើង និងរយះ ស្បែកក្បាល និងម្នាក់ទៀតមានឈ្មោះ ភឿន ខា ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅក្នុងភូមិពងទឹក ឃុំក្រាំងតាយ៉ូវ ស្រុកពាមរក៍ ខេត្ដព្រៃវែង ។ ចំណែករថយន្តបង្កម៉ាកឡិចស៊ីស ៥៧០ ពណ៌ខ្មៅ ត្រូវបានគេស្គាល់ថា ជារបស់លោក ជាម យៀប ជាអ្នកតំណាងរាស្ត្រ ដ៏មានអំណាច ដែលពាក់ស្លាកលេខ រដ្ឋ ២-០០៧ ជិះដោយបុរស ដែលសមត្ថកិច្ចបានលាក់ឈ្មោះ ។
ប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា រថយន្ដបង្កបានបើកបរក្នុងល្បឿនលឿនពីអ្នកលឿងមករាជធានីភ្នំពេញក្នុងល្បឿន យ៉ាងលឿនលុះមកដល់ចំណុចកើតហេតុភាគីម៉ូតូដែលបើកក្នុងទិសដៅបញ្ច្រាសគ្នា ក៏បានបើកជែងរថយន្ដមួយគ្រឿងនៅខាងមុខ ខណៈនោះរថយន្ដឡិចស៊ីស ដែលបើករថយន្តបង្កជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបានបុកម៉ូតូជនរងគ្រោះ ចំពីចំហៀងខាងស្ដាំផ្នែកខាងមុខ បណ្ដាលឱ្យបែកចង្កៀងខ្ទេច និងធ្លាក់កញ្ចក់ ហើយអ្នកជិះបានបោកលើផ្លូវ រងរបួសធ្ងន់ ។ ក្រោយកើតហេតុអ្នកបើកបររថយន្ដបានឈប់ដោះស្លាកលេខចេញ ហើយបានបើកគេចពីស្រុកកៀនស្វាយចូលមករាជធានីភ្នំពេញយ៉ាងរលូន ដោយមានការអន្តរាគមន៍ ធ្វើឲ្យសមត្ថកិច្ចដែលឈរជើងនៅខណ្ឌមានជ័យ ឃើញរថយន្ដបង្កបើកឆ្លងកាត់ ក៏ដោយក៏មិនចាប់ដែរ។
ចំពោះហេតុការណ៍នេះប្រជាពលរដ្ឋបានរិះគន់ចំៗចំពោះលោកតំណាងរាស្ដ្រ ដែលបានបង្កគ្រោះថ្នាក់ គួរតែចេញមុខមកដោះស្រាយផ្តល់ សំណងដល់ជនរងគ្រោះទាំង ២ នាក់ ដែលជាជនក្រីក្រ ស្លូតត្រង់ មិនគួរបើករថយន្ត គេចបែបនេះទេ។
សូមបញ្ជាក់ថា រថយន្ដឡិចស៊ីសបង្កហេតុ បានបើកចូលមករាជធានីភ្នំពេញ ក្នុងចម្ងាយដី ប្រមាណ ៣០ គីឡូម៉ែត្រ ហើយក៏មានរថយន្ដតាក់ស៊ី មួយគ្រឿង ដេញតាមពីក្រោយ និងបានផ្ដល់ព័ត៌មាន ឱ្យសមត្ថកិច្ចតាមគោលដៅស្ទាក់ចាប់ តែគ្មានអ្នកណាហ៊ានចេញ មកស្ទាក់ចាប់ទេ ព្រោះខ្លាចអំណាចលោកតំណាងរាស្ដ្រ ដែលជិះក្នុងរថយន្ដនោះ ហើយប្រសិនបើសមត្ថកិច្ច មានចេតនាចាប់នោះ គឺរត់មិនរួចឡើយ៕