ខេត្តកណ្តាល ៖ ប៉ុស្តិ៍ជជុះដែលរាយប៉ាយគ្មានសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ ២១B ដែលជាឆ្នាំងបាយរបស់លោក សំ សុជា ជាមន្ត្រីប៉ូលីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានបង្កភាពក្តៅក្រហាយប្រជាពលរដ្ឋ និងក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់តាមផ្លូវនេះ ដោយគាបសង្កត់ប្រជាពលរដ្ឋ អ្នករកស៊ីដឹកជញ្ជូនទំនិញ បន្តិចបន្តួចរួមទាំងកសិផលផងដែរ ដោយគ្មានការយោគយល់អ្វីឡើយ។
ប្រភពពីប្រជាពលរដ្ឋដែលជាអ្នកដឹកជញ្ជូនម្នាក់បានឲ្យដឹងថា ពួកគាត់បានដឹកជញ្ជូនកសិផលយកទៅលក់នៅប្រទេសវៀតណាម ឬក៏ដឹកទំនិញផ្សេងៗ មកពីប្រទេសវៀតណាមតាមច្រកជ្រៃធំ យកមកលក់នៅភ្នំពេញ មិនដែលគេចផុតពីប៉ស្តិ៍ជជុះរបស់លោក សំ សុជា នោះទេ។ គួររម្លឹកថា មន្ត្រីប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃរបស់លោក សំ សុជា បានចុះមកដាក់ប៉ុស្តិ៍ជជុះតាមផ្លូវជាតិលេខ២១B ច្រើនឆ្នាំមកហើយ តែងតែរំខានដល់ការរកស៊ីដឹកទំនិញរបស់ប្រជាពលរដ្ឋ និងឈ្មួញតូចតាច មិនដឹងជាពួកគេរត់ការទិញប៉ុស្តិ៍អស់ប៉ុន្មាននោះទេក្នុងមួយខែៗ ។
មិនថាការរកស៊ីដឹកជញ្ជូនទំនិញទាំងស្របច្បាប់ និងខុសច្បាប់ត្រូវតែចូលបង់លុយឲ្យលោក សំ សុជា តាមការទាមទារ ទើបអាចដឹកជញ្ជូនទំនិញ ឬកសិផលឆ្លងកាត់ តាមផ្លូវជាតិលេខ ២១B ទៅកាន់ច្រកព្រំដែនជ្រៃធំបានដោយរលូន ។ តាមធម្មតាលោក សំ សុជា បានកំណត់ឲ្យប្រជាពលរដ្ឋរកស៊ីដឹកជញ្ជូនទំនិញមានដូចជា ត្រី ពងទា បន្លែ អីវ៉ាន់ចាប់ហួយ ពោត សណ្តែក ល្ង ត្រូវតែចូលបង់លុយយ៉ាងហោចណាស់ចាប់ពី ១៥ ទៅ ២០ ម៉ឺនរៀល ដោយគិតតាមរថយន្តតូចឬធំ គ្មាននរណាហ៊ានបើកហួស ឬភ្លេចចូលបង់លុយនោះទេ ។ ចំណែករកស៊ីដឹកជញ្ជូនទំនិញគេចពន្ធដូចជាថ្នាំពុល តាមម៉ូតូ ឬរថយន្តតូចៗនោះ ក៏ត្រូវចូលបង់ដែរ គឺក្នុងមួយខែចាប់ពី ២០០ ដុល្លារទៅ ៣០០ ដុល្លារទើបអាចរកស៊ីបាន។ បើមិនបង់លុយតាមការកំណត់ទេនោះ នឹងមានវិធានការយ៉ាងចាស់ដៃព្រោះលោក សំ សុជា ដើរតួជានគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃផង និងជាតុលាការផង គ្មានក្រែងញញើត ពីច្បាប់ទម្លាប់អ្វីទេ។
ជារៀងរាល់ថ្ងៃយប់ មានរថយន្តកាមរីឆ្លាម ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ន.ប បិទកញ្ចក់ខ្មៅដែលជារបស់លោក សំ សុជា បើកតាមប្រមាញ់ រថយន្តដឹកជញ្ជូនទំនិញ ទាំងស្របច្បាប់និងមិនស្របច្បាប់ ដើម្បីតាមប្រដេញឲ្យចូលបង់លុយ។ សកម្មភាពរបស់លោក សំ សុជា បែបនេះគឺផ្ទុយពីបទបញ្ជា របស់ប្រមុខរដ្ឋាភិបាលដែលបានហាមឃាត់ដាច់ខាត មិនឲ្យមានប៉ុស្តិ៍ជជុះតាមផ្លូវរំខានដល់ការរកស៊ីដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ។
លោក សំ សុជា ដែលជាមន្ត្រីប៉ូលិសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ពុំអាចសុំការធ្វើអធិប្បាយបាននៅឡើយទេ ចំពោះបញ្ហាជុំវិញការចេញចល័តដាក់ប៉ុស្តិ៍ជជុះ តាមបណ្តោយផ្លូវជាតិលេខ២១B គាបជំរិតទារលុយពីប្រជាពលរដ្ឋដែលរកស៊ីដឹកជញ្ជូនទំនិញ ។ ទោះបីយ៉ាងណាក៏ដោយគេយល់ថា លោក សំ សុជា បានបង់លុយជូនលោក ហែមមុន្នី ដែលជាមេប៉ូលីសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ប្រចាំខេត្តកណ្តាល តាមរយៈការទិញប៉ុស្តិ៍ច្រើនសន្ធឹកសន្ធាប់ហើយមើលទៅ ទើបលោក សំ សុជា មិនក្រែងញញើតអ្វីទាំងអស់៕