ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់បានត្រូវនគរបាលក្រុងតាខ្មៅចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពវាយទៅលើជនរងគ្រោះប្លន់យកកង់មួយគ្រឿង កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ ២០១៣ នៅលើសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ខណៈជនរងគ្រោះកំពុងជិះកង់ជាមួយមិត្តភក្តិ ។
ជនសង្ស័យឈ្មោះឈិន ភក្តី ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មកររោងចក្រ មានទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ។ ចំណែកជនរងគ្រោះជាម្ចាស់កង់ឈ្មោះ ម៉េង ពៅ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
តាមរបាយការណ៍របស់មន្ត្រីនគរបាលបន្តថា ពេលជនរងគ្រោះនិងមិត្តភក្តិ នាំគ្នាជិះកង់លំហែកាយនៅលើសួនច្បារ មាត់ទន្លេក្រុងតាខ្មៅ ស្រាប់តែមានបក្ខពួកជនសង្ស័យជិះម៉ូតូ៣ទៅ៤គ្រឿងមានឌុបគ្នាពីក្រោយ មកដល់បានគំរាមគំហែង ទៅលើក្រុមជនរងគ្រោះ និងបានយកដុំថ្មវាយខ្នងជនរងគ្រោះ ។ ពេលនោះជនរងគ្រោះភ័យក៏រត់ចោលកង់ ហើយជនសង្ស័យក៏លើកកង់នោះដាក់លើម៉ូតូ រួចបើករត់គេចខ្លួន គ្រាដែរនគរបាលក្រុងតាខ្មៅ កំពុងល្បាតប្រទះឃើញដេញចាប់បានម្នាក់ និងម៉ូតូដែលជិះធ្វើសកម្មភាពមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ដោយឡែកបក្ខពួកជនសង្ស័យផ្សេងទៀត រត់គេចខ្លួនបាត់អស់។
បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕