ខេត្តកំពុងចាម ៖ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ កំពុងសាកសួរមនុស្សប្រុស-ស្រី០៨នាក់ (២ក្រុម) បម្រើការងារនៅកាស៊ីណូ GMGដែលបានប្រើហិង្សាវាយគ្នារបួសទាំងសងខាង ។ ហេតុការណ៏ប្រើអំពើហិង្សាវាយគ្នាទៅវិញទៅមកនេះបានកើតឡើងកាលពីម៉ោង៩និង២០នាទីយប់ថ្ងៃទី ១៨ វិច្ឆិកា ២០១៣ នៅកាស៊ីណូ GMG ស្ថិតនៅក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ។
មូលហេតុដែលបណ្តាលឲ្យផ្ទុះហិង្សាវាយគ្នានេះកើតឡើងដោយសារតែការឌឺដង និងជេរប្រមាថគ្នា ខណៈមានភ្ញៀវចូលលេងកាស៊ីណូ(ទំនងជាដណ្តើមភ្ញៀវគ្នា) ។ សេចក្តីរាយការណ៏បានបន្តថា គូទំនាស់ទាំងពីរដែលមានគ្នាម្ខាង ៤ នាក់នោះ រួមមានក្រុមទី១ (ម៉េរ៉ូឡីង យីហោអាលាភលេខ១៧ ) មានឈ្មោះ ឈាង សម្បត្តិ ភេទប្រុស អាយុ១៩ឆ្នាំ ឈាង សុខណាង ភេទស្រី អាយុ១៧ឆ្នាំ ឈាង ស្រីលាភ ភេទស្រី អាយុ ២៥ឆ្នាំ និង ឈ្មោះ ដាំ សាវ៉ន ភេទប្រុស អាយុ៣៥ឆ្នាំ មនុស្សទាំង៤នាក់នេះរស់នៅភូមិអន្លង់សាឡី ឃុំខ្ពបតាងួន ស្រុងស្ទឹងត្រង់ ។ ចំណែកក្រុមទី២ ( ម៉េរ៉ូឡីង យីហោ ស្រីរ័ត្ន ៣៣៣) មានឈ្មោះ មុំ ស្រីរ័ត្ន ភេទស្រី អាយុ ២១ឆ្នាំ ប៊ុន ស្រីនីត ភេទស្រី អាយុ ២៣ឆ្នាំ ម៉ី ចាន់ធី ភេទស្រី អាយុ១៨ឆ្នាំ និង ឈ្មោះ ហេង ពិភពសរណា ភេទប្រុស អាយុ ២២ឆ្នាំ អ្នកទាំង៤រស់នៅភូមិ ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្នុងករណីនេះ ឆ្លងតាមការស្រាវជ្រាវ និងការប្រមូលឯកសារនានា នៅកន្លែងកើតហេតុ សមត្ថកិច្ចបានសន្និដ្ឋានថា ភាគីទាំងសងខាង គឺពិតជាបានវាយប្រតាយប្រតប់គ្នា ទៅវិញទៅមក បណ្តាលឲ្យរងរបួសធ្ងន់ស្រាលរៀងៗ ខ្លួន ហើយការកាត់ក្តីយ៉ាងណានោះ វាស្ថិតនៅលើសាលាដំបូងខេត្តកំពង់ចាម ចាត់ការទៅតាមនិតិវិធី ៕