ខេត្តរតនគិរី ៖ អភិបាលស្រុកកែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ បានដឹកនាំកម្លាំងដេញស្ទាក់ចាប់រថយន្តដឹកឈើប្រណីតមួយគ្រឿង ម៉ាកកាមរីស្វិត ដែលផ្ទុកឈើពេញក្នុងរថយន្ត កាលពីវេលាម៉ោង៧យប់ថ្ងៃទី២០ វិច្ឆិកា ២០១៣ លើកំណាត់ផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិឆ្នែង ឃុំស្រែខ្ទម ស្រុកកែវសីមា ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលបង្ក្រាបរថយន្តដឹកឈើប្រណីតខាងលើ គេបានឃើញរថយន្តរបស់លោកអភិបាលស្រុក បើកប្រដេញតាមពីក្រោយរថយន្តដឹកឈើនេះយ៉ាងប្រកិត ។ ប៉ុន្តែទោះបីយ៉ាងណារថយន្តដឹកឈើនោះពុំបានឈប់ភ្លាមៗទេ នៅពេលដឹងថាមានរថយន្តបើកដេញតាមពីក្រោយ គឺកាន់តែបន្ថែមល្បឿនបើករត់គេច រួចបត់ចូលទៅក្នុងដីភូមិប្រជាពលរដ្ឋ ហើយអ្នកបើកបរ បានបើកទ្វាររថយន្តគេចខ្លួនទាំងបាតជើងសព្រាត ។
ប្រភពបន្តថា រថយន្តដឹកឈើដែលលោកចៅហ្វាយស្រុកចាប់បាននោះម៉ាកកាមរីស្វិត ពណ៌ខ្មៅ ផ្ទុកឈើប្រភេទនាងនួនពេញទាំងមុខនិងក្រោយ តែមិនទាន់ដឹងចំនួនប៉ុន្មានទេ ហើយត្រូវបានលោកអភិបាលស្រុកប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើផ្នែកកែវ សីមា យកទៅរក្សាទុក ។ ក្នុងករណីបង្ក្រាបរថយន្តនេះ ក៏មានផ្ទុះអាវុធមួយគ្រាប់ផងដែរ តែមិនមានអ្នកណាម្នាក់រងរបួសឡើយ ៕