ខេត្តបន្ទាយមានជ័យ ៖ សកម្មភាពក្រុមមេខ្យល់នាំមនុស្សឆ្លងដែនតាមច្រករបៀងខុសច្បាប់ទៅរកការងារធ្វើនៅក្នុងទឹកដីថៃ ត្រូវបានគេសង្កេតឃើញកើតមានយ៉ាងគគ្រឹកគគ្រេងនៅក្នុងទឹកដីក្រុងប៉ោយប៉ែត។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា គេបានស្គាល់មេខ្យល់ឈ្មោះ កន ស៊ីណាត រស់នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានតួនាទីជាអ្នកសារព័ត៌មានមួយរូបប្រចាំនៅក្រុងប៉ោយប៉ែត និងភរិយា បាននាំពលករឆ្លងដែនទៅរកការងារធ្វើក្នុងទឹកដីថៃ តាមច្រករបៀងខុសច្បាប់មួយកន្លែងនៅម្តុំកាស៊ីណូ ក្រុងប៉ោយប៉ែត។
ប្រភពបន្តថា មេខ្យល់ខាងលើបានធ្វើសកម្មភាពដឹកជញ្ជូនពលករពីចំណតរថយន្ត ឬតាមផ្ទះសំណាក់នានា ដោយម៉ូតូរបស់ខ្លួន និងបានយកទៅស្តុកនៅម្តុំសៃវៀនជល់មាន់មួយកន្លែងប្លុកកាស៊ីណូជាប់មាត់អូរព្រំដែនកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត ដោយសកម្មភាពនេះ បានប្រព្រឹត្តយ៉ាងគគ្រឹកគគ្រេងទាំងថ្ងៃទាំងយប់ ក្នុងមួយថ្ងៃមានចំនួនជាច្រើននាក់។
ប្រភពបន្តទៀតថា ឈ្មោះ កន ស៊ីណាត រួមទាំងភរិយា ពូកែខាងអួតអាងអំណាចប្តីរបស់ខ្លួនជាអ្នកសារព័ត៌មានមួយរូប ហើយស្ត្រីជាភរិយារបស់លោកមេខ្យល់រូបនោះ ធ្លាប់មានការឈ្លោះប្រកែកជាមួយសមត្ថកិច្ច ដែលឈរជើងនៅតាមក្រវាត់ព្រំដែនជាច្រើនលើក បើទោះជានគរបាលការពារព្រំដែនប្រាប់ថា មិនអាចនាំយកពលករឆ្លងដែនខុសច្បាប់ទៅកាន់ទឹកដីថៃបានទេ ដោយបានមេបញ្ជាការឲ្យបិទច្រករបៀងហើយ តែត្រូវបានស្រ្តីជាភរិយារបស់ លោក កន ស៊ីណាត នៅតែប្រើពាក្យសម្តីមិនគប្បីលើសមត្ថកិច្ចទៀតផង។
តាមប្រភពដោយឡែកមួយទៀតបានបង្ហើបប្រាប់ថា លោក កន ស៊ីណាត បានប្រើពាក្យសម្តីក្រអើតក្រទមដាក់អ្នកសារព័ត៌មានអាជីពមួយរូបថា ប្រសិនបើអ្នកឯងចង់ខ្លាំងជាមួយគេនឹងធ្វើឲ្យអ្នកនោះសល់តែខោខ្លីជាមិនខាន។
ជុំវិញបញ្ហាទាំងអស់ខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គួរចាត់វិធានការទប់ស្កាត់ក្រុមមេខ្យល់ ដែលនាំពលករឆ្លងដែនទៅរកការងារធ្វើនៅក្នុងទឹកដីថៃ តាមច្រករបៀងដោយខុសច្បាប់យកទៅផ្តន្ទាទោសផង កុំទុកឲ្យពួកគេធ្វើតាមអំពើចិត្តបែបនេះតទៅទៀត៕