រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយក្នុងវង់ផឹកស៊ី ក្នុងជម្លោះពាក្យសម្តី ដោយដកកាំភ្លើងពីចង្កេះបាញ់ទម្លុះកង់រថយន្ដ១គ្រឿង ដើម្បីបន្ធូរកំហឹង និងជាការគំរាម ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើល និងអស់សំណើច នេះបានកើតឡើង នៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅមុខហាងយីហោ៤៤៤៤ មានទីតាំងតាមបណ្ដោយផ្លូវកែវចិន្ដា ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។
បុរសជាម្ចាស់រថយន្ដត្រូវបានគេស្គាល់ឈ្មោះ នុត ចំរើន អាយុ៤៣ឆ្នាំ មាន ទីលំនៅភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌ ឫស្សីកែវ ពុំមានរងរបួសអ្វីនោះទេ ប៉ុន្ដែរថយន្ដកាមរីរបស់គាត់ត្រូវបានជនដែលអះអាងថាជាសមត្ថកិច្ចនោះបាញ់ទម្លុះកង់ ។
តាមការសម្តីជនរងគ្រោះបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់ និងមិត្ដភក្ដិម្នាក់ ទៀតបានចូលមកញ៉ាំអាហារ និងផឹកស្រាបៀរនៅក្នុងភោជនីយដ្ឋានយីហោ ៤៤៤៤នេះ ស្រាប់តែបានមួយសន្ទុះក៏លេចមុខបុរស ដែលអះអាងថាខ្លួនជាសមត្ថកិច្ចមកអង្គុយតុក្បែរគាត់រួចឌឺដងផ្លែផ្កាដាក់គាត់ជាញឹកញាប់ ។ ប៉ុន្ដែគាត់មិនបានតបតអ្វីនោះទេដោយគ្រាន់ តែងាកមើលមុខជាញឹកញយវិញដែរ ។ ប្រហែលជាកន្លះម៉ោងជននោះក៏បាន គិតលុយដើរចេញពីក្នុងហាងរួចក៏ដកអាវុធខ្លីចេញពីចង្កេះបាញ់កង់រថយន្ដរបស់គាត់ឱ្យធ្លាយ ដើម្បីបន្ធូរកំហឹង រួចបើកម៉ូតូគេចខ្លួនបាត់ ហើយជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យរកឃើញសម្បកគ្រាប់កាំភ្លើងខ្លីម៉ាកឡុក១គ្រាប់ ដែលជនបង្កបានបាញ់ហើយធ្លាក់នៅក្បែរកង់រថយន្ដ ។ ករណីខាងលើនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនដែលបាញ់បោះអនាធិបតេយ្យដើម្បីយកមកឱ្យច្បាប់ផ្ដន្ទាទោស ៕