ប្រទេសកូរ៉េខាងជើង ៖ នាង Cho Myung Ae កើតឆ្នាំ ១៩៨៣ រៀននៅសាលាវប្បធម៌ វិចិត្រសិល្បៈព្យុងយ៉ាង ។ នៅពេលដែលអតីតមគ្គុទេស Kim Jong-il បានជួបនាងពេលមកទស្សនកិច្ចនៅសាលានេះ ធ្វើឲ្យគាត់មានការរំភើបចិត្ត និងសម្រស់ស្រស់ស្អាតរបស់នាងយ៉ាងខ្លាំង ។ ក្រោយជំនួបដ៏អស្ចារ្យនេះមក Cho Myung Ae ត្រូវបានតម្កើង ហើយក្លាយជាសិល្បៈការិនីម្នាក់ ដែលពលរដ្ឋកូរ៉េទាំងអស់គោរព ។ កាសែតកូរ៉េខាងជើងប្រដូចនាងជាវត្ថុដ៏មានតម្លៃរបស់ជាតិ ។
នាងត្រូវបានគេស្គាល់នៅកូរ៉េខាងត្បូង ខណៈពេលនាងតំណាងឲ្យកូរ៉េខាងជើង សម្តែងសិល្បៈក្នុងមហាសន្និបាតឯកភាពប្រជាជាតិឆ្នាំ ២០០២ ។ ជាសិល្បៈដ៏កម្រត្រូវបានអនុញ្ញាតឲ្យថតផ្សាយពាណិជ្ជកម្មដល់ក្រុមហ៊ុន Sarnsung ល្បីល្បាញរបស់កូរ៉េខាងត្បូង នាងត្រូវបានអតីតប្រធានកូរ៉េខាងជើង Kim Jong-il ផ្តល់ឲ្យរហស្សនាម "បុប្ផាឯកភាព" សំដៅពណ៌នានាងជានិមិត្តរូបតំណាងឲ្យសាមគ្គីភាពកូរ៉េទាំង២ ។ នាងធ្លាប់បានចូលរួមថតខ្សែភាពយន្តទូរទស្សន៍ Sayuksin របស់ស្ថានីយ៍ KBS កូរ៉េខាងត្បូងនៅឆ្នាំ ២០០៧ ។ រូបភាពរបស់ Cho Mayung Ae តែងត្រូវបានប្រដូចស្មើនឹងកំពូលតារាចម្រៀង Lee Hyori របស់កូរ៉េខាងត្បូង ។
នាងក៏ជាសិល្បៈការិនីដ៏កម្រដែលមានបណ្តាញសង្គមឯកជនស្ថិតក្នុងបណ្តាញ Daum របស់កូរ៉េខាងត្បូង ហើយមាន fan ប្រមាណ ១៣.០០០នាក់ ។ តាមបុរសម្នាក់ឈ្មោះ Lee ថា ជាអ្នកស្គាល់នាងនោះ បច្ចុប្បន្នក្នុងវ័យ ៣០ឆ្នាំ សម្ផស្សរបស់នាងបានធ្លាក់ចុះ ជីវិតមានការលំបាក ឈឺថ្កាត់ពុំសូវបានព្យាបាលម៉ត់ចត់… ហើយប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងបានបំភ្លេចចោល "បុប្ផា" ១ទង ដែលធ្លាប់បានលើកតម្កើង ក្នុងអតីតកាល ៕