រាជភ្នំពេញ ៖ ជនសង្ស័យដែលជំនាញលូកហោប៉ៅ ត្រូវបានចាប់ខ្លួនក្រោយពីធ្វើសកម្មភាពនៅក្នុងផ្សារស៊ីធីម៉ល ។ ការចាប់ខ្លួនជនសង្ស័យនេះធ្វើឡើងកាលពីវេលាម៉ោង ២ និង ២០ នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ខណៈកំពុងធ្វើសកម្មភាពលូកហោប៉ៅយកកាបូបលុយនៅក្នុងផ្សារស៊ីធីម៉ល ស្ថិតនៅ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ស្ត្រីសង្ស័យជំនាញលូកហោប៉ៅខាងលើមានឈ្មោះសុខ ធា អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំផ្លូវរទេះភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះពីរនាក់ប្តីប្រពន្ធបានចូលផ្សារស៊ីធីម៉ល នៅជាប់របងពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីរកទិញអីវ៉ាន់ ។ បន្ទាប់មកប្តីប្រពន្ធទាំង២នាក់នោះបានឡើងទៅជាន់ទី៣បំណងស្រស់ស្រូបអាហារ ពេលនោះស្រាប់តែស្ត្រីជនសង្ស័យបានធ្វើសកម្មភាពលូកហោប៉ៅខោបុរសជាប្តីលួចយកកាបូបលុយ បម្រុងគេចខ្លួនត្រូវអាជីវករលក់ដូរក្នុងផ្សារឃើញទាន់បានចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្តង។ នៅក្នុងកាបូបដៃនោះមានប្រាក់ចំនួន២០៥ដុល្លារ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ១ កាត់ធនាគារ៦សន្លឹក ត្រូវបានប្រគល់ឱ្យម្ចាស់វិញ ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕